តុលាការខេត្តឧត្តរមានជ័យ ចេញដីកាឃុំខ្លួនមនុស្ស២នាក់ ដែលដាក់ម៉ូទ័រឆក់សត្វទន្សោងព្រៃ១ក្បាលងាប់ ដើម្បីពន្លះយកសាច់លក់
(ឧត្តរមានជ័យ)៖ លោក អ៊ុំ ចាន់ថុល ប្រធានសាលាដំបូង និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានចេញដីកាបង្កាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យ២នាក់ ដែលដាក់ម៉ូទ័រឆក់ សត្វខុសច្បាប់ បណ្តាលឱ្យសត្វទន្សោងព្រៃដែលជាប្រភេទសត្វកម្រ១ក្បាលបានងាប់ ដើម្បីពន្លះយកសាច់លក់។
ជនសង្ស័យទាំង២នាក់ដែលត្រូវឃុំខ្លួនមាន៖
*ទី១៖ ឈ្មោះ បូ កក្កដា អាយុ១៨ឆ្នាំ មុខរបរកសិករ
*ទី២៖ ឈ្មោះ តូ ដា អាយុ៣៤ឆ្នាំ មុខរបរកសិករ។ ជនសង្ស័យទាំង២នេះ មានទីលំនៅបច្ចុប្បន្ន ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនទាំង២នាក់នេះ ត្រូវបានចោទពីបទ «ជួញដូរសត្វព្រៃ ឫសំណាកសត្វព្រៃគ្រប់ប្រភេទ ឫចិញ្ចឹមសត្វព្រៃគ្រប់ប្រភេទសម្រាប់ធ្វើពាណិជ្ជកម្មដោយគ្មានការអនុញ្ញាត និងចាប់ដោយដាក់អន្ទាក់ ខ្នារ បង្គប់ បន្តឹង លប់ បង្កៃ ឫដោយប្រមាញ់ដែលធ្វើឱ្យរបួស បំពុល សម្លាប់ ឬប្រមូលពង និងកូនសត្វព្រៃគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំការក្រូចឆ្មារបស់ឈ្មោះផែន នៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមាត្រា៨៥០ បទល្មើសធនធានធម្មជាតិថ្នាក់ទី២ ក្នុងតំបន់ការពារធម្មជាតិ និងមាត្រា៨៥១ បទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ក្នុងតំបន់ការពារធម្មជាតិ នៃក្រុមបរិស្ថាន និងធនធានធម្មជាតិ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានកម្លាំងនគរបាលខេត្តឧត្តរមានជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ហើយក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ ត្រាក់ទ័រគូបូតាចំនួន០១គ្រឿង គោយន្ដកន្រ្ដៃយ៍ចំនួន០១គ្រឿង ម៉ូតូចំនួន០២គ្រឿង សាច់ទន្សោងចំនួន៤៥គីឡូក្រាម ក្បាលទន្សោង០១ ជើងទន្សោងចំនួន០២គូ កន្ទុយទន្សោងចំនួន០១ និងទូរស័ព្ទចំនួន០២គ្រឿងផងដែរ៕