អ្នកបង្កើតមាតិកាធ្លាប់បួសជាសង្ឃម្នាក់ ត្រូវឃាត់ខ្លួនពីបទបំព-ា/ន ផលិត និង ចែកចាយរូបភាពមិនល្អរបស់កូននេនច្រើនអង្គ

នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ Child Protection Unit បានជូនដំណឹងឱ្យបានដឹងថា ក្រុមការងារចម្រុះបានធ្វើការឃាត់ខ្លួនអតីតលោកសង្ឃម្នាក់ ដែលជាអ្នកបង្កើតមាតិកានៅលើ Facebook ពីបទល្មើសផលិត និង ចែកចាយរូបភាពអាសអាភាសលើកុមារ។

ក្រុមការងារចម្រុះ LIMA24 ដែលមានការចូលរួមពីក្រសួងមហាផ្ទៃ នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ការិយាល័យសន្តិសុខមាតុភូមិ នៃសហរដ្ឋអាមេរិក (HSI), ការិយាល័យទប់ស្កាត់បទល្មើសលើកុមារតាមបណ្តាញអនឡាញ (ICAC) នៃអង្គភាពការពារកុមារ (CPU) និង ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការធ្វើការតាមដានសកម្មភាពរបស់អតីតលោកសង្ឃម្នាក់នេះ បន្ទាប់ពីបានឃើញថារូបគេបានផលិតរូបភាពអាសអាភាសលើកុមារកម្ពុជា និង បង្ហោះទៅលើបណ្តាញអនឡាញ ដែលគោលដៅជនរងគ្រោះរបស់គេគឺកូននេននៅក្នុងវត្តមួយចំនួន ក្នុងខេត្តសៀមរាប និង បាត់ដំបង។

ជាលទ្ធផលនៃការស៊ើបអង្កេត និង ការឆែកឆេរទីលំនៅមួយចំនួនរួចមក សមត្ថកិច្ចបានឃាត់ខ្លួនបុរសអាយុ ២៧ ឆ្នាំរូបនេះ និង ផ្តន្ទាទោសនៅសាលាដំបូងខេត្តបាត់ដំបង ពីបទរំលោភសេពសន្ថវៈ (ស្ថានទម្ងន់ទោសជនរងគ្រោះជាកុមារ) និង បទល្មើសផលិតរូបភាពអាសអាភាសលើកុមារ ដែលបច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ។

ការស៊ើបអង្កេតនេះផងដែរ ជាបឋមបានកំណត់ជនរងគ្រោះចំនួន ៨ នាក់ មានអាយុរវាង ៩ ឆ្នាំ ដល់ ១៤ ឆ្នាំ ខណៈការស៊ើបអង្កេតនេះក៏កំពុងតែបន្ត ហើយក្រុមការងាររំពឹងថា នឹងអាចកំណត់ជនរងគ្រោះបន្ថែមទៀត នៅពេលដែលក្រុមការងារធ្វើកោសល្យវិច្ច័យទៅលើភស្តុតាងឌីជីថលជាច្រើនដែលបានដកហូតរួចរាល់ហើយនោះ៕

ប្រភព ៖ Child Protection Unit 

 

អត្ថបទដែលជាប់ទាក់ទង