ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងធ្វើ​ឌីជីថល​ភាវូបនីយកម្មរបៀបរស់នៅ និងការផ្ដល់សេវាកម្មសម្រាប់ប្រជាជន ​ដើម្បី​ផ្ដល់ឱ្យកម្ពុជានូវបរិយាកាសសន្តិសុខនយោបាយនិងសន្តិសុខសេដ្ឋកិច្ចបន្ថែមទៀត

(ភ្នំពេញ)៖ បច្ចុប្បន្នយើងកំពុងធ្វើឌីជីថលភាវូបនីយកម្មរបៀបរស់នៅ និង​ក្នុង​ការផ្តល់សេវាកម្មសម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹងឌីជីថល​ភាវូបនីយកម្មនៃការងាររបស់យើង នឹងអាចបង្កើនផលិតភាពរបស់យើង សម្រួលប្រតិបត្តិការរបស់យើង កាត់បន្ថយថ្លៃដើមប្រតិបត្តិការ បង្កើន​ប្រសិទ្ធភាព និងបង្កើនសុវត្ថិភាព ដែលនេះពិតជានឹងផ្តល់ឱ្យសង្គម​កម្ពុជា​នូវបរិយាកាសសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ចបន្ថែមទៀត។

នេះជាការថ្លែងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំណាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីអបអរសាទរ​កិច្ច​សហប្រតិបត្តិការលើការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្ដូរទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ ( ខេមបូឌា) ខូអិលធីឌី ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងអំពីការងារ​ជាយុទ្ធសាស្រ្តអាទិភាពមួយចំនួនរបស់ក្រសួងក្នុងនោះមានការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជាដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការរស់នៅនិងប្រកបអាជីវកម្មផ្សេងៗតាមរយៈការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។ បច្ចុប្បន្នករណីវិវាទដីធ្លីត្រូវបានដោះស្រាយ​អស់​ជា​ច្រើនករណីនិងបានធ្លាក់ចុះមកនៅសល់ត្រឹមក្រោម ១០០០ ករណី​ប៉ុណ្ណោះដែលជាករណីមិនមានភាពរសើបផ្នែកនយោបាយឬភាពរសើបដែលបណ្ដាលឱ្យមានអសន្តិសុខផ្នែកសេដ្ឋកិច្ចនោះទេ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងប្រែក្លាយរាល់សេវា​ទាំង​អស់​របស់ក្រសួងដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋប្រមាណ ៥០០មុខ ឱ្យទៅជាសេវាដែលប្រើប្រាស់តាមរយៈប្រព័ន្ធ ឌីជីថល (digital)ទាំងអស់ ទាំងផ្នែកសុរិយោដី ផ្នែកសំណង់ និងផ្នែកផ្សេងៗជាច្រើនទៀត ដែលសេវា​ទាំងនេះហៅថាសេវាគាប់ចិត្តសម្រាប់ប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់តាមប្រព័ន្ធអនឡាញ ។

ចំពោះទន្លេសាប យើងត្រូវមានកាតព្វកិច្ចក្នុងការថែរក្សា​មរតកនេះទុក​សម្រាប់​ចិញ្ចឹមប្រជាពលរដ្ឋបន្តជំនាន់, ដោះស្រាយបញ្ហាទិញដីនិងផ្ទះ​ក្នុងបុរី​សម្រាប់ប្រជាពលរដ្ឋ និងត្រូវអនុវត្តគោលការណ៍រស់នៅរបស់​ប្រជាពលរដ្ឋក្នុងតំបន់បេតិកភណ្ឌនៅខេត្តសៀមរាប ដែលយុទ្ធសាស្ត្រ​ទាំងនេះជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលដៅបញ្ចប់ភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិនិងចង់ឱ្យប្រជាពលរដ្ឋគ្រប់រូបមានទ្រនំសុភមង្គល មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារ​ហូបចុកគ្រប់គ្រាន់ មានការងារធ្វើមានប្រាក់ចំណូលសមរម្យ ទទួលបានការ​សិក្សា​អប់រំគ្រប់ៗគ្នានិងរស់នៅប្រកបដោយភាពសុខដុមរមនា ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចាត់ទុកសន្តិភាពថា ជាអង្គរទី២ ដែល​សម្ដេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន បានផ្ដល់មរតកនេះមកដល់​ប្រជា​ពលរដ្ឋ ដូច្នេះសម្រាប់យើងទាំងអស់គ្នាពីពេលនេះតទៅមុខក្នុង​សហសម័យកម្ពុជា យើងត្រូវរិះរកវិធីសាស្រ្តបន្តរៀបចំទីក្រុង ផ្ទះសំបែង​និងស្រុកទេសរបស់យើងឱ្យបានល្អដើម្បីធានាដល់ការរស់នៅនិងភាពរីកចម្រើនរបស់ប្រជាពលរដ្ឋនិងប្រទេសជាតិបន្តទៀត ៕

 

អត្ថបទដែលជាប់ទាក់ទង