ប្រធានសភាតួកគីយេ ចាត់ទុកសម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងជាស្ថាបនិកនៃកម្ពុជា
ភ្នំពេញ៖ លោក Numan Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ បានចាត់ទុកសម្ដេចតេជោ ហ៊ុន សែន គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិកនៃកម្ពុជាទំនើបបច្ចុប្បន្ន ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា លោក Numan Kurtulmuş បានសម្តែងក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅតួកគីយេ។
លោក បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ពិសេស ខណៈពេលដែលប្រទេសយើងទាំងពីរ ប្រារព្ធខួបលើកទី៦៥នៃទំនាក់ទំនងកាទូត។
លោកបានបន្តថា សកលលោក កំពុងចូលក្នុងយុគសម័យថ្មី ដែលគេសំគាល់ថាមានការផ្លាស់ប្តូរលឿន និងបង្កើតតុល្យភាពថ្មី។ ក្នុងបរិបទ នេះ តួកគីយេ ផ្តល់សារៈសំខាន់ពិសេស ដល់ទ្វីបអាស៊ី ដែលក្នុងនោះ មានកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ លោកNuman Kurtulmuş បានលើកឡើងថា តួកគីយេ នឹងបន្តកសាងស្ពានសហប្រតិបត្តិការថ្មីៗទៀត ជាមួយកម្ពុជា។ តួកគីយេ បានបើកមជ្ឈមណ្ឌលវប្បធម៌ នៅទីក្រុងភ្នំពេញ ហើយ ដោយសហការជាមួយទីភ្នាក់ងារជំនួយអភិវឌ្ឍន៍តួកគីយេ (TIKA) បានចុះហត្ថលេខាខាងវិស័យអប់រំ សិក្សាធិការ។ ជាក់ស្តែង និស្សិតកម្ពុជា ២៥ នាក់កំពុងសិក្សានៅតួកគីយេ ហើយសង្ឃឹមថា នឹងមានច្រើនទៀត នៅពេលអនាគត។
លោក បានបន្ថែមថា កម្ពុជាមានសក្តានុពលធំធេង ខាងវិស័យពាណិជ្ជកម្ម ក៏ប៉ុន្តែ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ សម្រេចបានប្រមាណ៣៥០លានដុល្លារ នៅឆ្នាំ២០២៤ លើផែនការសម្រេចឱ្យបាន១ពាន់លានដុល្លារ។ លោកបានបន្តថា ទស្សនកិច្ចរបស់ សម្តេចតេជោ នាពេលនេះ សំខាន់ណាស់សម្រាប់កសាង ទំនាក់ទំនងអន្តរសភាទ្វេភាគី និងពហុភាគី ដែលក្នុងនោះ មានសន្និបាតអន្តរសភាអាស៊ាន (IPA) ផងដែរ៕