ចំណងមិត្តភាពរវាង កម្ពុជា-ចិន សម្រេចបានទំនាក់ទំនង យ៉ាងស្អិតរមួត និងរីកចម្រើនគ្រប់វិស័យ
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ចំណងមិត្តភាព កម្ពុជា-ចិន សម្រេចបាន នូវទំនាក់ទំនងយ៉ាងស្អិតរមួត និងរីកចម្រើនគ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ នៃស្ថាប័ននីតិប្បញ្ញត្តិ ។
ក្នុងពិធីបើក «មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នៅខេត្តសៀមរាប រៀបចំដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់អំពី ចំណងការទូតកម្ពុជា-ចិន ដែលមានអាយុកាល រាប់ពាន់ឆ្នាំចាប់តាំងពីសម័យហ្វូណន ហើយសៀមរាបអង្គរ ក៏ជាទីក្រុង ដែលមិត្តចិន ធ្លាប់បានមកដល់និង ធ្វើទំនាក់ទំនងការទូត និងពាណិជ្ជកម្ម ដូចមានជាតឹកតាងឆ្លាក់ នៅលើប្រាង្គប្រាសាទ និងក្នុងកំណត់ហេតុ របស់បេសកទូតចិន ជីវ តាក្វាន់ ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាកថា «ចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន សម្រេចបាននូវទំនាក់ទំនង យ៉ាងស្អិតរមួត និងរីកចម្រើនគ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ នៃស្ថាប័ននីតិប្បញ្ញត្តិ, រដ្ឋាភិបាល, វិស័យឯកជន, សង្គមស៊ីវិល និងប្រជាជន» ។
សូមបញ្ជាក់ថា មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤ នេះគឺជាចលករដ៏សំខាន់ ដែលនឹងរួមចំណែកលើកកម្ពស់ ទំនាក់ទំនងប្រជាជននិងប្រជាជន ពិសេសរវាងយុវជន អំពីវប្បធម៌ និងប្រពៃណីដ៏ផូរផង់នៃប្រទេសទាំងពីរ និងកសាងចំណងមិត្តភាព ទំនុកចិត្ត ការយល់គ្នាទៅវិញទៅមក ក៏ដូចជាស្វែងរកនូវឱកាសវិនិយោគ និងធុរកិច្ចរវាងសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ៕