ខែវិច្ឆិកា រដ្ឋបាលខេត្តព្រំដែន ថៃ និងឡាវ បន្តផ្តល់ប័ណ្ណព្រំដែន ជូនពលរដ្ឋប្រើប្រាស់ជាង ១ម៉ឺនទៀត

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី២៦ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ បានផ្ដល់សេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់បានចំនួន១៩.២០២ក្បាល។

ក្នុងនោះ ខេត្តបន្ទាយមានជ័យផ្ដល់បាន៩.៨១៩ក្បាល ខេត្តប៉ៃលិនផ្ដល់បាន៣.៥២១ក្បាល ខេត្តឧត្តរមានជ័យផ្ដល់បាន២.៩៩៩ក្បាល ខេត្តបាត់ដំបងផ្ដល់បាន២.៤៦៧ក្បាល និងខេត្តកោះកុងផ្ដល់បានចំនួន៣៩៦ក្បាល។

ក្នុងរយៈពេលដូចគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងហាផ្ទៃ ក៏បានបន្តផ្តល់ប័ណ្ណព្រំដែនជូនរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់បំពេញបែបទផ្ដល់សេវាប័ណ្ណព្រំដែន ជូនពលរដ្ឋចំនួន១៦.០០០ក្បាលផងដែរ។

ក្នុងចំណោមប័ណ្ណព្រំដែនដែលក្រសួងបានផ្ដល់ជូនរដ្ឋបាលខេត្តជាប់ព្រំដែនទាំងនោះ ខេត្តបន្ទាយមានជ័យមានចំនួន១២.០០០ក្បាល ខេត្តបាត់ដំងមានចំនួន៣.០០០ក្បាល និងខេត្តកោះកុង ចំនួន១.០០០ក្បាល ។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ ដដែល។

សម្រាប់ខេត្តជាប់ប្រទេសឡាវវិញ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងដែរថា ការបើកផ្ដល់ប័ណ្ណព្រំដែនពីក្រសួង គិតចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មិនទាន់មាននោះទេ។ ដោយឡែក ក្នុងរយៈពេលដូចគ្នានេះ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ បានចេញប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងខេត្តស្ទឹងត្រែង ចំនួន១៧ក្បាល។ ចំនួននេះ បើធៀបនឹងបណ្ដាខែកន្លងទៅ គឺមានប្រហាក់ប្រហែលគ្នា ពោលគឺពលរដ្ឋខ្មែរជាប់ព្រំដែនឡាវ មានតម្រូវការសេវាប័ណ្ណព្រំដែនតិច៕

អត្ថបទដែលជាប់ទាក់ទង