ក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨ ក្រោមអធិតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
យោងតាមបទបង្ហាញស្ដីពី វឌ្ឍនភាពគម្រោងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤ – ២០២៨ ដោយ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទនងសាធារណៈ បង្ហាញថាបច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ មានគម្រោងកំពុងដំណើរការ ចំនួន ២៤គម្រោង (On-going Projects) ដែលផ្ដោតលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទ, ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យ, និងការអភិវឌ្ឍសហគមន៍ជនបទ ហើយក្រសួងកំពុងសិក្សាលម្អិតគម្រោងមួយចំនួនទៀត ផងដែរ។
បន្ទាប់ពីបានស្ដាប់នូវបទបង្ហាញ លោក ឆាយ ឫទ្ធិសែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងក្រុមការងារអនុវត្តគម្រោងទាំងអស់ចំពោះការខិតខំអនុវត្តគម្រោងឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេល ១ឆ្នាំកន្លងមក និងឆ្នាំកន្លងទៅ ព្រមទាំងការដាក់ចេញនូវទិសដៅការងារច្បាស់លាស់ដើម្បីបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត។ សមិទ្ធផលទាំងនេះ អាចកើតឡើងបាន ក៏ដោយសារមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងអស់ផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដំណើរការអភិវឌ្ឍសមិទ្ធផលនៅទូទាំងប្រទេស អនុវត្តទៅបាន ដោយសារគុណនៃសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងស្ថិរភាពនយោបាយ ដែលកើតចេញពីពលីកម្មយ៉ាងធំធេងដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពជាតិ ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ អតីតនាយករដ្ឋមន្ដ្រី និងការបន្តវេនដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។