សម្តេចធិបតី៖ ការវាយតម្លៃ លើការជួញដូរមនុស្ស នៅកម្ពុជា ពីសំណាក់បរទេស ក៏មិនសុក្រិត្យ និងយុត្តិធម៌
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រៀងរាល់ឆ្នាំការវាយតម្លៃ និងដាក់ចំណាត់ឲ្យកម្ពុជា លើការជួញដូរមនុស្សពីសំណាក់ ប្រទេសមួយចំនួនគឺមិនសុក្រឹត្យ និងយុត្តិសម្រាប់កម្ពុជាឡើយ ទោះបីជាកម្ពុជាខិតខំទប់ស្កាត់ បង្ក្រាបយ៉ាងណាក៏ដោយ។
ក្នុងឱកាសអញ្ជើញជាអធិបតីខួបលើកទី១៨ ទិវាជាតិប្រ យុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»នៅព្រឹកថ្ងៃ១២ ធ្នូ សម្តេចធិបតីមានប្រសាសន៍ថា កន្លងមកមានការវាយតម្លៃ និងឲ្យចំណាត់ថ្នាក់មកលើការជួញដូរ មនុស្សនៅកម្ពុជា ថាមិនល្អបែបនេះបែបនោះ។
ចំពោះការវាយតម្លៃនេះ សម្តេចអះអាងថា កម្ពុជាក៏មិនបដិសេធដែរ ប៉ុន្តែកម្ពុជាក៏មានសិទ្ធិការពារខ្លួនផងដែរ ព្រោះព័ត៌មានខ្លះក៏ជាព័ត៌មានមិនពិតដែលផ្សាយចេញទៅមានចេតនាបង្ខូចឈ្មោះកម្ពុជា។
ជាក់ស្តែងសម្តេច ក៏បានលើកឡើងពីករណី ក្មេងប្រុសតៃវ៉ាន់២នាក់ នាពេលកន្លងមកដែលបានបង្ហាញ វិដេអូអំពីការជួញដូរ មនុស្សនៅខេត្តព្រះសីហនុ តែការពិត ជាការសម្តែងរបស់ពួកគេសោះ និងថ្មីៗនេះ ករណីជនជាតិកូរ៉េម្នាក់ ដែលបង្ហាញពីសកម្មភាពមួយចំនួន នៅរាជធានី ភ្នំពេញថា មានការចាប់ជំរិតខ្លួន ពីសំណាក់ជនជាតិចិន តែដល់សមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវ គឺមិនមានរឿងបែប នេះកើតឡើងទេ។
សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា “កិច្ចការកន្លងទៅ កន្លែងខ្លះ ការវាយតម្លៃមកលើកម្ពុជានៅលើការជួញដូរមនុស្សនេះ ក៏មិនសុក្រិត្យ និងយុត្តិធម៌ប៉ុន្មានដែរ ចំពោះការខិតខំប្រឹងប្រែង របស់យើង ការចាត់ថ្នាក់របស់បណ្តាប្រទេស មួយចំនួនលើកម្ពុជា ។ យើងមិនបដិសេធថាយើងគ្មានបញ្ហាទេ ហើយកម្ពុជា ក៏មិនដែលបដិសេធថាកម្ពុជា មិនទទួលស្គាល់ថា កម្ពុជា គ្មានបញ្ហាជួញដូរមនុស្ស ឬបញ្ហាអសន្តិសុខផ្សេងៗនោះដែរ ហេតុនេះហើយបានជាយើង ពង្រឹងយន្តការ ការអនុវត្ត ហើយពង្រឹងការអនុវត្តច្បាប់ ហើយសហការ ជាមួយបរទេស ព្រោះយើងមានសុច្ឆន្ទៈ ច្បាប់លាស់”។
សម្តេចធិបតីបន្តថា “យើងទី១ ផ្តើមចេញពីការទទួលស្គាល់ថា បញ្ហានេះយើងប្រឈម យើងមាន ហើយយើងត្រូវតែប្រឈមដោះស្រាយ យើងមិនអាចបិទវាទុកហើយលាក់វានោះទេ យើងមិនអាចបិទព័ត៌មាន មិនចែករំលែកថា ខ្ញុំអត់មានទេ ប៉ុន្តែនៅខាងក្រោយយើងត្រូវទទួលស្គាល់ ប៉ុន្តែពេលខ្លះ ក៏យើងត្រូវធ្វើការផ្សព្វផ្សាយអំពីការអនុវត្តរបស់យើង ក៏ដូចជាការឆ្លើយតប ទៅនឹងការមួលបង្កាច់មួយចំនួន” ។
ចំណុចនេះ សម្តេចធិបតីសង្កត់ធ្ងន់ថា កម្ពុជាទទួលស្គាល់ការពិត ប៉ុន្តែរាល់ការមួលបង្កាច់ណាមួយ កម្ពុជាត្រូវបដិសេធ និងត្រូវឆ្លើយតបទៅវិញផងដែរ ។
សម្រាប់ការបង្ក្រាបទប់ស្កាត់ការជួញដូរមនុស្ស សម្តេចធិបតីលើកឡើងទៀតថា កម្ពុជាមិនដែលព្រងើយកន្តើយនោះទេ គឺបានសហការជាមួយដៃគូជាតិ អន្តរជាតិជានិច្ច។
សូមបញ្ជាក់ថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤ ក្រសួងការបរទេសអាមេរិក បានចេញផ្សាយរបាយការណ៍មួយ ស្តីពីការជួញដូរមនុស្សនៅកម្ពុជាថា កម្ពុជាបន្តស្ថិត នៅក្នុងចំណាត់ថ្នាក់ទាបបំផុត ពាក់ព័ន្ធនឹងការចាត់វិធានការលុបបំបាត់ឬទប់ស្កាត់ការជួញដូរមនុស្ស ដែលនាំកម្ពុជាស្ថិត ក្នុងចំណាត់ថ្នាក់លេខ៣៕