សម្តេចធិបតី ៖ ការទប់ស្កាត់ការជួញដូរមនុស្ស មិន មែនជួយបាន តែជនរងគ្រោះម្នាក់ តែមួយនោះទេ ប៉ុន្តែជាការជួយសង្គ្រោះជាតិ និងសកលលោក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការទប់ស្កាត់ ការជួញដូរមនុស្សនៅកម្ពុជា មិនត្រឹមតែអាចជួយដល់បុគ្គល ឬជនរងគ្រោះតែមួយមុខនោះទេ តែជាការជួយសង្គ្រោះដល់ជាតិ និងបានរួមចំណែក នៅក្នុងការកាត់បន្ថយ និងទប់ស្កាត់នៃបណ្តាញជួញដូរមនុស្សពិភពលោក ដែលប៉ះពាល់ប្រជាពលរដ្ឋទាំងអស់ នៅលើសកលលោក ។

ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលមហោស្របកោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ការជួញដូរមនុស្ស ទប់ស្កាត់មិនមែនគ្រាន់តែធ្វើ ដើម្បីបុគ្គលឬជួយសង្គ្រោះជនរងគ្រោះទេ ប៉ុន្តែជួយសង្គ្រោះជាតិរបស់យើង ហើយក៏រួមចំណែក នៅក្នុងការកាត់បន្ថយទប់ស្កាត់ នៃបណ្តាញជួញដូរមនុស្សពិភពលោក ដែលធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋទាំងអស់ នៅលើសកលលោក” ។

សម្តេចធិបតី បន្ថែមថា “កម្ពុជា មិនអាចលូកទៅធ្វើការជំនួស ប្រទេសណាផ្សេងទេ ប៉ុន្តែកម្ពុជា ធ្វើការគ្រប់គ្រងនៅ ក្នុងប្រទេសរបស់យើង គឺនឹងចូលរួមចំណែក នៅក្នុងការកាត់បន្ថយ ព្រោះវាជាបណ្តាញពាក់ព័ន្ធគ្នា ជាបណ្តាញអន្តរជាតិ” ។

ក្នុងនោះសម្តេចធិបតី ក៏បានបញ្ជាក់ថា រឿងនេះ មិនមែនជារឿងកម្ពុជា ម្នាក់ឯងនោះទេ គ្រប់យ៉ាងត្រូវការកិច្ច សហការគ្នាបន្តទៀត ព្រោះជាកិច្ចការ ដែលត្រូវការឆ្លងកាត់ព្រំដែន ៕

អត្ថបទដែលជាប់ទាក់ទង