សម្តេចធិបតី អញ្ជើញប្រារព្ធទិវាជាតិ ប្រឆាំងអំពើ ជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាត អំពើជួញដូរមនុស្ស គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ក្នុងយុគសម័យឌីជីថល”
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រឆាំងអំពើ ជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាត អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នៅសាលមហោស្របកោះពេជ្រ ។
ទិវាជាតិប្រឆាំងអំពើជួញ ដូរមនុស្ស លើកទី១៨ នឹងត្រូវបានរៀបចំដោយ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស មានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅតែបន្តឥត ឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យ ឯកជន មន្ត្រីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិត គ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ឱ្យមានការយល់ដឹង ដើម្បីសហការចូលរួម បង្ការទប់ស្កាត់ និង បង្ក្រាបបទល្មើសថ្មីៗ លើគ្រប់រូបភាពដែលពាក់ ព័ន្ធទៅនឹងអំពើជួញ ដូរមនុស្សនៅកម្ពុជា។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ស្ថាប័ន នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាង អង្គទូត និងស្ថានតំណាងបេសកកម្មនានា នៃបណ្តាប្រទេសជាមិត្ត អង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ រាជបណ្ឌិត្យសភាកម្ពុជា អ្នកសារព័ត៌មានជាតិអន្តរជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោក-លោកស្រី ជា អភិបាលរាជធានី/ខេត្ត សាកលវិទ្យាល័យរដ្ឋ និងឯកជន តំណាងសង្គមស៊ីវិល តំណាងនិយោជក និយោជិកក្នុងវិស័យឯកជន ក្រុមយុវជន យុវនារី ស.ស.យ.ក កាកបាទក្រហម កាយរិទ្ធ និងសិស្ស និស្សិត សរុប ប្រមាណជាង ៣,០០០ អង្គ/នាក់ ។
កម្មវិធីនេះ នឹងបន្តរៀបចំតាមសាលារៀន និងតាមបណ្តារាជធានី ខេត្ត ទូទាំង ប្រទេស ដើម្បីជាយុទ្ធនាការជាតិដ៏ធំ បង្ហាញអំពីការរួមសហការគ្នា បង្កើតនូវប្រព័ន្ធសុវត្ថិភាពសម្រាប់ការពារមនុស្ស គ្រប់រូប ឱ្យរួចផុតពីភាពងាយរងគ្រោះ ដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ នាយុគសម័យឌីជីថល ឆ្ពោះទៅកាន់ភាពសុខសាន្ត និងអភិវឌ្ឍគ្រប់វិស័យ៕