ពលរដ្ឋខេត្តកោះកុង រីករាយ និងសាទរដំណើរការផលិតអគ្គិសនី ដើរដោយថាមពលឧស្ម័នធម្មជាតិ ស្របតាមតម្រូវការប្រើប្រាស់ជីវភាពប្រចាំថ្ងៃ
(កោះកុង)៖ ក្រោយពិធីសម្ភោធបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិអនុភាព៩០០មេហ្កាវ៉ាត់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង រួចមក ប្រជាពលរដ្ឋនៅខេត្តរីករាយ និងបង្ហាញការសាទរចំពោះដំណើរការផលិតអគ្គិសនីដើរដោយថាមពលឧស្ម័នធម្មជាតិនេះ ខណៈការសាងសង់បានកំពុងពន្លឿនគ្រប់ផ្នែក គ្រប់ជំនាញ ដើម្បីតបតាមតម្រូវការប្រើប្រាស់ភ្លើងអគ្គិសនី គ្រប់ទីកន្លែងការរស់នៅ របស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋក្នុងឃុំថ្មស អះអាងថា បច្ចុប្បន្នប្រជាពលរដ្ឋគ្រប់មូលដ្ឋានមានតម្រូវការប្រើប្រាស់ខ្ពស់លើវិស័យចំនួន៣ មានផ្លូវ ទឹក និងភ្លើងអគ្គិសនីជាចម្បង ដែលរាជរដ្ឋាភិបាលបានជំរុញដល់វិស័យឯកជន ផ្តោតការយកចិត្តទុក ដាក់ខ្ពស់បំផុត លើការវិនិយោគ ដើម្បីបង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិ និងប្រជាជន ទទួលបានការងារធ្វើតាមមុខជំនាញតាមតំបន់ផ្សេងៗផងដែរ។
លោកស្រី អឿន ស្រីនាង និងក្រុមគ្រួសារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋភូមិថ្មស និងភូមិចម្លងគោទាំងអស់ បានលើកឡើងស្រដៀងគ្នាថា ពួកគាត់សប្បាយចិត្តណាស់ គ្រាមានក្រុមហ៊ុនធំមួយ ចូលមកអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិដល់មូលដ្ឋានរបស់គាត់ ហើយពួកគាត់បានខ្សឹបខ្សៀវគ្នាថា «តទៅថ្ងៃមុខ ប្រជាជនយើងនឹងការងារធ្វើច្រើន មានមុខរបរ រកស៊ីបានធូរធារ យើងលែងបានចំណាកស្រុកចាកចោលភូមិកំណើតទៀតហើយ»។
បច្ចុប្បន្នមានបុគ្គលិកកម្មករជាច្រើននាក់ កំពុងទទួលបានការងារតាមមុខជំនាញ។ យុវជនមួយរូបឈ្មោះ លាង សុខផៃ បានបង្ហាញពីអារម្មណ៍ធូរស្បើយគ្រាបានចូលមកបម្រើការាងារក្នុងក្រុមហ៊ុននេះ និងបានរៀបរាប់ ពីប្រវត្តិការងាររបស់គាត់កាលពីគ្រាមុនថា រូបគាត់ធ្លាប់ជួបការលំបាកច្រើនរាប់មិនអស់ ដោយគ្រានោះរូបគាត់ពុំមានការងារធ្វើជាប់លាប់ គ្មានប្រាក់ឈ្នួលឬការស្នាក់នៅពិតប្រាកដនោះឡើយ។
គាត់ និងបុគ្គលិកកម្មករទាំងអស់ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង គ្រាទទួលកន្លែងស្នាក់នៅសមរម្យ បានការងារធ្វើតាមមុខជំនាញរៀងៗខ្លួន។ ចំពោះមុខស្ថានការកំពុងអភិវឌ្ឍន៍, លោក ជា វិរិទ្ធ មេភូមិថ្មស បាននិយាយទាំងទឹកមុខសប្បាយរីករាយថា ក្រោយទទួលបានសមិទ្ធផលថ្មីមួយនេះ ក្នុងមូលដ្ឋានរបស់គាត់នឹងពោរពេញ រោងចក្រសហគ្រាសធំតូចជាបន្តបន្ទាប់ទៀត និងអាចប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេស មួយយ៉ាងសម្បូរបែប។
លោក ក្រូច បុរីសីហា អភិបាលស្រុកបុទុមសាគរ បានបង្ហាញអារម្មណ៍យ៉ាងខ្លាំង ដូចប្រជាពលរដ្ឋរបស់គាត់ដែរ ហើយលោកបានបង្ហាញពីសុទិដ្ឋិនិយម ចំពោះគុណតម្លៃដ៏មហាសាលមួយនេះ គ្រាមានក្រុមហ៊ុនធំមួយបានដាក់ទុន វិនិយោគ លើវិស័យថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ មានអនុភាពដល់ទៅ៩០០ម៉េហ្កាវ៉ាត់មុនគេបង្អស់នៅខេត្តកោះកុង។
ទន្ទឹមនេះលោកអភិបាលស្រុក បានបង្ហាញក្តីរំពឹងទុកជាមុនថា ប្រាកដជាមានវិនិយោគគិនជាច្រើនទៀត ចូលមកដាក់ទុនវិនិយោគ ជាបន្តបន្ទាប់ទៀត ខណៈខេត្តកោះកុងលែងខ្វះខាងភ្លើងអគ្គិសនីប្រើប្រាស់ទៀតហើយនោះ។
លោក ផុន សុភាព តំណាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ប្រចាំខេត្តកោះកុង បានថ្លែងថា សំរាប់ពេលនេះក្រុមហ៊ុនកំពុងតែពន្លឿនដល់ក្រុមវិស្វករ និងក្រុមការងារ ផ្នែកគ្រឿងចក្រ យ៉ាងញាប់ដៃញាប់ជើង តបតាមតម្រូវការ របស់វិនិយោគគិន ម្ចាស់សហគ្រាសធំតូច ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកោះកុងទាំងអស់ដែរ ព្រោះថាខេត្តកោះកុង ត្រូវបានគេប្រសិទ្ធនាមថា «ជាតារារះ នៃទិសនិរតីរបស់កម្ពុជា»។
សូមជំរាបថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា លើការវិនិយោគ សាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយថាមពលឧស្ម័នធម្មជាតិ អនុភាព៩០០ មេហ្កាវ៉ាត់ និងគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៧ខាងមុខនេះ៕