សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា និងកាតា ធ្វើកិច្ចព្រមព្រៀងចំនួនពីរ ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម

(ដូហា, កាតា)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​ជំរុញ​​ឱ្យកម្ពុជា និងកាតា ធ្វើកិច្ចព្រមព្រៀងចំនួនពីរ ដើម្បីលើកកម្ពស់ការ​វិនិយោគ និងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងទាំងពីរនោះ គឺកិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និងការការពារវិនិយោគទៅវិញទៅមក និង កិច្ចព្រមព្រៀងស្តី​ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស។

សម្តេចតេជោ បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក ហ្វៃស៊ាល ប៊ីន ថានី អាល់ ថានី​ (Sheikh Faisal bin Thani bin Faisal Al Thani) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំ​អាជ្ញា​ធរ​វិនិយោគនៃរដ្ឋកាតា (QIA) នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងដូហា ប្រទេសកាតា។

ក្នុងជំនួបនេះ សម្តេចតេជោ បានសម្តែងក្តីរីករាយក្នុងការទទួលជួប​ពិភាក្សា​ជា​មួយលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំ​អាជ្ញាធរ​វិនិយោគនៃរដ្ឋកាតា (QIA) បន្ទាប់ពីជួបនាយករដ្ឋមន្ត្រីកាតា ដើម្បី​បង្ហាញពីសក្តានុពល និងកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងវិនិយោគនៅ​កម្ពុជា។

ក្នុងឱកាសនៃជំនួបនោះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានគូសរំលេច អំពីសក្តានុពលខាងវិស័យកសិកម្ម ជាពិសេសស្រូវ គ្រាប់ស្វាយចន្ទី ដំឡូង​មី និងផលិតផលជាច្រើនទៀត ដែលផ្តល់ឱកាសខ្ពស់ដល់​វិនិយោគិនកាតា​ក្នុងការកែច្នៃដើម្បីនាំចេញមកប្រទេសកាតា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក។

សម្តេចតេជោ ក៏បានលើកឡើងដែរថា ដើម្បីពង្រឹង និងពង្រីកកិច្ចសហ​ប្រតិ​បត្តិ​ការទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា និងកាតាត្រូវចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ពីររួមមាន កិច្ចព្រមព្រៀង​ស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក និង កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មកាតា បានថ្លែងអំណរ​គុណសម្តេចតេជោ ចំពោះព័ត៌មានដ៏មានសារៈសំខាន់ស្តីពីកាលា​នុវត្តន៍​ភាព និងសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា និងបានលើកឡើង​ថា ភាគី​ទាំងពីរនឹងធ្វើការជាមួយគ្នា ដើម្បីធ្វើការចុះហត្ថលេខាឱ្យបានឆាប់​លើ​កិច្ចព្រម​ព្រៀង​ទាំងពីរដែលសម្តេចបានលើកឡើង៕

អត្ថបទដែលជាប់ទាក់ទង