កម្ពុជាអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ នៅក្នុងវេទិកាបណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍
ពីខេត្តយូណាន ប្រទេសចិន – ថ្លែងក្នុងសុន្ទរកថានៅវេទិកាប្រចាំឆ្នាំរបស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឯកឧត្ដម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ពីតួនាទីសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចងសាមគ្គីភាពតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ឯកឧត្ដមបានលើកឡើងពីសារៈសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្សាភ្ជាប់វប្បធម៌ ការផ្សព្វផ្សាយព័ត៌មានសាធារណៈ និងការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល នៅចំពោះមុនថ្នាក់ដឹកនាំខេត្តយូណាន និងតំណាងស្ថាប័នសារព័ត៌មានពីបណ្តាលប្រទេសអាស៊ីខាងត្បូង និងបណ្តាប្រទេសតាមដងទន្លេមេគង្គ ចំនួនប្រមាណ២០០នាក់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមក៏បានលើកឡើងពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការគួរឱ្យកត់សម្គាល់របស់កម្ពុជាលើវិស័យប្រព័ន្ធផ្សព្វផ្សាយជាមួយបណ្តាអាស៊ាន និងប្រព័ន្ធផ្សព្វផ្សាយចិន។ “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កម្ពុជាបានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយនៅតាមបណ្តាប្រទេសអាស៊ាន និងប្រទេសចិន នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងមេគង្គ-ឡានឆាង” នេះជាការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្តី។ តាមរយៈកិច្ចសហប្រតិបត្តិការទាំងនេះ បានជំរុញឱ្យប្រជាជនកម្ពុជាយល់កាន់តែច្បាស់អំពីទំនាក់ទំនងក្នុងតំបន់ ដោយជំរុញការយោគយល់ និងទំនាក់ទំនងមិត្តភាពទៅវិញទៅមកឱ្យកាន់តែប្រសើរបន្ថែមទៀត។
ការបង្កើតបណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កាលពីដើមឆ្នាំនេះគឺជាការវិវត្តថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យប្រព័ន្ធផ្សព្វផ្សាយតំបន់។ ឯកឧត្ដមបានក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ លើការរៀបចំវេទិកានេះដើម្បីនាំយកនូវអ្នកជំនាញដែលមានបទពិសោធមកជជែកពិភាក្សា និងបង្កើតកិច្ចសហការជាមួយគ្នាក្នុងចំណោមប្រទេសជាសមាជិក ដោយបានលើកយកឧទាហរណ៍អំពីគម្រោងរួមគ្នា មានដូចជា “ទេសចរណ៍យូណាន-អង្គរ ឬ Yunnan-Angkor Tours” ជាដើម។ ទន្ទឹមនេះ ឯកឧត្ដមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏បានលើកឡើងជាអនុសាសន៍ចំនួន៤ ជូនដល់អ្នកចូលរួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់៖
១. ពង្រឹងវេទិកាចែករំលែកព័ត៌មាន និងរួមចំណែកក្នុងគម្រោងសហការដើម្បីបង្ហាញអំពីវប្បធម៌ចម្រុះ និងការអភិវឌ្ឍក្នុងតំបន់។ ២. ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការផលិតរួមគ្នា និងដោះស្រាយហានិភ័យដែលអាចបង្កឡើងដោយបច្ចេកវិទ្យាថ្មីៗ។ ៣. បង្កើតកម្មវិធីបណ្តុះបណ្តាល និងការកសាងសមត្ថភាពក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ។ ៤. បង្កើនការចូលរួមក្នុងកិច្ចសន្ទនាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីពង្រីកវត្តមានរបស់បណ្តាញនេះនៅលើកម្រិតសកល។
បន្ថែមលើនេះ ឯកឧត្ដមរដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយប្រើប្រាស់ស្ថាប័នរបស់ខ្លួន ដើម្បីផ្សព្វផ្សាយសារវិជ្ជមាន និងជំរុញការលើកស្ទួយផ្នែកវប្បធម៌ និងចែករំលែកអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
វេទិកានេះបានសង្កត់ធ្ងន់លើតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការកំណត់អនាគតតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាដៃគូដ៏សកម្មដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់៕