ជីដូនឈឺជើងខ្លាំង ក្មេងប្រុសម្នាក់ ជិះកង់ពីកំពង់ចាម មកភ្នំពេញតាមរកបងប្រុស ដើម្បីសុំលុយទៅព្យាបាលជីដូន(វីដេអូ)
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីរំជួលចិត្ត និង អាណិតអាសូរទៅលើក្មេងប្រុសវ័យក្មេងមួយរូប ដែលបានតស៊ូធាក់កង់ពីខេត្តកំពង់ចាម រហូតមកដល់ភ្នំពេញ ដើម្បីស្វែងរកបងប្រុសរបស់ខ្លួន ដែលមកធ្វើការដេរពូក នៅរាជធានីភ្នំពេញ។
ទាក់ទិនទៅនឹងរឿងរ៉ាវដ៏រំជួលចិត្តនេះ បើតាមការឱ្យដឹងពីគណនីដែលមានឈ្មោះ Khut Sopheara បានបញ្ជាក់នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ ឱ្យបានដឹងថា ក្មេងប្រុសបានជិះកង់ពីខេត្តកំពង់ចាមមកភ្នំពេញ រកបងប្រុសដែលធ្វើការដេរពូកនៅភ្នំពេញ ដែលទើបតែឡើងមកមិនទាន់បានមួយខែទេ។ ជាក់ស្ដែងដោយសារជីដូនឈឺជើងខ្លាំង ក៏ដាច់ចិត្តជិះកង់មកភ្នំពេញសុំលុយបងប្រុស តែមិនដឹងរកនៅឯណានោះទេ។
ដោយឡែក តាមប្រភពដដែលបានឱ្យដឹងថា លុះមកដល់ម៉ោង ២ រំលងអធ្រាត្រឈានចូលដល់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ បុរសដែលត្រូវជាពូរបស់ក្មេងប្រុស មានឈ្មោះ ធឿន ចាន់ថៃ និង ត្រូវជាប្អូនរបស់ម្ដាយក្មេងប្រុស បានមកទទួលរូបគេវិញហើយ ខណៈមានសប្បុរសជនជាច្រើនក៏បានឧបត្ថម្ភថវិកាជូនក្មេងប្រុស ដើម្បីគ្រាន់ជួយសម្រាលបន្ទុកគ្រួសារបានខ្លះៗផងដែរ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖