បុណ្យសមុទ្រឆ្នាំនេះធ្វើនៅខេត្តកំពត ៣ ថ្ងៃជាប់គ្នា មានប្រកួតកីឡា ១០ ប្រភេទ ទាំងលើទឹក លើគោក និង លើអាកាស
កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យបានដឹងថា ដើម្បីបង្កភាពសប្បាយរីករាយ ក៏ដូចជាញ៉ាំងឱ្យពិធីបុណ្យសមុទ្រលើកទី ១១ ជុំទី ៣ នៅក្នុងខេត្តកំពត ពោរពេញទៅដោយសកម្មភាពកីឡា អនុគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡា បានសម្រេចដាក់បញ្ចូលកីឡាចំនួន ១០ ប្រភេទដើម្បីប្រកួត ក៏ដូចជាបង្ហាញនៅក្នុងពិធីបុណ្យសមុទ្រ ដែលមានទាំងលើគោក លើអាកាស និង លើផ្ទៃទឹកផងដែរ ដោយសារតែខេត្តកំពត មានអំណោយផលសម្រាប់ទីតាំងកីឡាទាំងនោះ។
ជាក់ស្ដែងបន្ទាប់ពីមានកិច្ចប្រជុំរួចមក អនុគណៈកម្មការបានសម្រេចដាក់បញ្ចូលកីឡាចំនួន ១០ ប្រភេទ ដើម្បីប្រកួត ក៏ដូចជាបង្ហាញនៅក្នុងពិធីបុណ្យសមុទ្រ នៅទឹកដីខេត្តកំពត ដោយក្នុងនោះរួមមាន៖
១. កីឡារត់កម្សាន្តមហាជន (៥គីឡូម៉ែត្រ) មានអ្នកចូលរួម ៣០០ នាក់
២. កីឡាជិះកង់កម្សាន្ត (១២គីឡូម៉ែត្រ) មានអ្នកចូលរួម ១០០ នាក់
៣. កីឡាប្រណាំងកង់ភ្នំ (៤២គីឡូម៉ែត្រ) មានអ្នកចូលរួម ១០០ នាក់
៤. កីឡាបាល់ទះលើឆ្នេរខ្សាច់មហាជន (២ទីលាន)
៥. កីឡាទូកក្តោង
៦. កីឡាម៉ូតូទឹក
៧. កីឡាប្រដាល់គុនខ្មែរ
៨. កីឡាប្រណាំងទូកប្រពៃណី
៩. កីឡាបង្ហោះក្លែង
១០. កីឡាប៉ារ៉ាម៉ូទ័រ (ឆ័ត្រយោងហោះ) ដែលកីឡាភាគច្រើនធ្វើឡើងនៅឆ្នេរកោះស្មៅ។
គួរឱ្យដឹងថា ពិធីបុណ្យសមុទ្រលើកទី ១១ ជុំទី ៣ នឹងប្រព្រឹត្តទៅនៅខេត្តកំពត ដោយបានកំណត់យកថ្ងៃទី ១៣, ១៤ និង ១៥ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និង ចីរភាពនៃតំបន់ឆ្នេរ» នៅខេត្តកំពត៕
ប្រភព ៖ ក្រសួងព័ត៌មាន