ឌូបៃបង្ហាញដុំមាសធំបំផុតនៅលោក ទម្ងន់ជាង៣០០គីឡូក្រាម
បរទេស ៖ ដុំមាសដ៏ធំបំផុត នៅលើពិភពលោក ទម្ងន់ជាង ៣០០គីឡូក្រាម ដែលទើបបំបែកកំណត់ត្រា Guinness ត្រូវបានដាក់បង្ហាញ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម នៅចុងសប្តាហ៍នេះ។
ទីក្រុងដែលតំណាងឲ្យមជ្ឈមណ្ឌលសម្រាប់ភាពប្រណីតនិងពាណិជ្ជកម្មមួយនេះ បានដាក់បង្ហាញដុំមាសសុទ្ធដ៏ធំបំផុត របស់ពិភពលោក នៅលើទីផ្សារ ដែលមានទម្ងន់ ៣០០.១២ គីឡូក្រាម និង មានតម្លៃប្រហែល ២៥លានដុល្លារ។
បើតាមកាសែត Gulfnews បានចេញផ្សាយថា ដុំមាសនេះ បាននិងកំពុងដាក់បង្ហាញ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែធ្នូ។ ដុំមាសនេះ ត្រូវបានផលិត ដោយរោងចក្រ Emirates Minting Factory។ អ្នកទស្សនាមានឱកាសពិសេស ក្នុងការមើលដុំមាស ដែលបំបែកកំណត់ត្រា Guinness World Records មួយនេះ យ៉ាងជិតស្និទ្ធ រួមទាំងការប៉ះផ្ទាល់ផងដែរ។
លោក Kharsa តំណាងរោងចក្រចម្រាញ់មាស បានមានប្រសាសន៍ថា «អ្វីៗទាំងអស់ត្រូវបានចងក្រងជាឯកសារ ហើយបញ្ជូនទៅ Guinness ដើម្បីឱ្យប្រាកដថា ដុំមាសត្រូវបានផលិតឡើង ស្របតាមលក្ខខណ្ឌរបស់វា ហើយត្រូវប្រាកដថា វាជាដុំមាសទម្ងន់ ៣០០ គីឡូក្រាម»។
គួរបញ្ជាក់ថា សម្រាប់កំណត់ត្រា ដុំមាសធំបំផុត បំបែកកំណត់ត្រា Guinness កាលពីលើកមុន ធ្លាប់បង្ហាញវត្តមាន នៅប្រទេសជប៉ុន៕