ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញលើកទឹកចិត្តដល់សិស្សជ័យលាភីនិទ្ទេសAក្នុងខេត្តព្រះសីហនុ បន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យបានរឹងមាំដើម្បីទទួលបានជោគជ័យថ្មីៗក្នុងជីវិតបន្តទៀត
( ព្រះសីហនុ ) ៖ សិស្សដែលប្រឡងជាប់ជ័យលាភីនិទ្ទេសAនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៤ ចំនួន ៤៥ នាក់ ក្នុងខេត្តព្រះសីហនុ ទទួលបានរង្វាន់ និងការជំរុញលើកទឹកចិត្តបន្ថែមទៀតពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅក្នុងការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤កន្លងមកនេះ នៅទូទាំងខេត្តព្រះសីហនុ មានបេក្ខជនដាក់ពាក្យប្រលងសរុប ១៩០២នាក់ ស្រី៩៨៣នាក់ ក្នុងនោះបានប្រឡងជាប់ចំនួន ១៥៩៧ នាក់ស្មើនឹង៨៣,៩៦% ។ សិស្សដែលប្រឡងជាប់និទ្ទេស A មានចំនួន ៤៥ នាក់ ស្រី ២៤ នាក់, និទ្ទេសBមានចំនួន ១៨៦ នាក់ ស្រី ១១៥ នាក់,និទ្ទេសC មាន ៣២៩ នាក់ ស្រី ២១០ នាក់, និទ្ទេសDមាន ៥១៦ នាក់ ស្រី ២៧៥នាក់ និងនិទ្ទេសE មាន៥២១នាក់ ស្រី ២៤៩ នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានចូលរួមអបអរសាទរ និងថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ក្នុងការសិក្សារបស់សិស្សប្រឡងជាប់ជ័យលាភីនិទ្ទេសAនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៤ ដែលនេះគឺជាជោគជ័យមួយនៅក្នុងជីវិតសិក្សារបស់សិស្សានុសិស្ស ហើយនេះជាជោគជ័យមួយដែលឪពុកម្ដាយអាណាព្យាបាលសិស្សនិងលោកគ្រូអ្នកគ្រូមានមោទនភាពបំផុត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា នេះគ្រាន់តែជាជោគជ័យជំហានទីមួយក្នុងជីវិតប៉ុណ្ណោះ ជំហានបន្តបន្ទាប់ទៀតគឺត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានរឹងមាំ ហើយភាពរឹងមាំនេះនឹងអាចជួយឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានចក្ខុវិស័យចង់ប្រែក្លាយកម្ពុជាឱ្យទៅជាអារ្យប្រទេសមួយ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នាឆ្នាំ ២០៥០ ដែលគោលដៅនេះនឹងអាចសម្រេចទៅបានលុះត្រាតែកម្ពុជារក្សាបាននូវសុខសន្តិភាព និងសម្បូរធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ៕