ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នឹងមានមហាជនប្រមាណជិត ៥ម៉ឺននាក់ ចូលរួម
ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានមរតកតេជោខាងមុខនេះ នឹងមានមហាជនចូលរួម ប្រមាណជិត៥ម៉ឺននាក់ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ដើម្បីអោយព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះដំណើរការទៅដោយរលូននិងជោគជ័យ នារសៀលថ្ងៃទី០៦ធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំមួយជាមួយស្ថាប័នពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាព ពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី , លោកសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, លោកនាយឧត្តមសេនី ស ថេត អគ្គស្នងការនគរបាលជាតិ, លោក សំហេង បុរស តំណាងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
នៅក្នុងកិច្ចប្រជុំខាងលេីនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា “ការរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជា ដែលរកមកបានដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ អរគុណសន្តិភាព គឺអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដូច្នេះព្រឹត្តិការណ៍បាល់ទាត់នេះត្រូវតែធ្វើឡើងដោយភាពគគ្រឹកគ្រេងជាមួយការប្រគុំតន្ត្រី សម័យ បុរាណ”។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា ចំពោះការងារសន្តិសុខ ត្រូវតែពង្រឹងអោយបានម៉ឹងម៉ាត់បំផុត ព្រោះពួកជ្រុលនិយម ចង់បំផ្លាញសន្តិភាពនៅកម្ពុជា ពួកគេនៅតែប៉ុនប៉ង់ជានិច្ច ដែលយើងមិនត្រូវធ្វេសបករហែសបានឡើយ។សន្តិភាពមានតម្លៃណាស់ កាត់ថ្លៃមិនបាន សូម្បីតែប្រទេសខ្លះសុខចិត្តកាត់ឱ្យគេដូរយកសន្តិភាពក៏រកមិនទាន់បានផង។សព្វថ្ងៃបណ្ដាប្រទេសលើពិភពលោកគេមកស្វែងយល់និងយកបទពិសោធន៌សន្តិភាពនៅកម្ពុជាទៀតផង។
ជាមួយគ្នា នេះ លោក ឃួង បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់នេះ ចំពោះការផ្សព្វផ្សាយ ការតុបតែងត្រូវបានប្រគល់ជូនទូរទស្សន៍បាយ័ន ជាអ្នករៀបចំ។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនា ប្រមាណជិត៥ម៉ឺននាក់ ដូច្នេះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជារឿងសំខាន់បំផុត ដោយគ្រប់ស្ថាប័ន ត្រូវសហការគ្នាធ្វើអោយបានល្អបំផុត ជាមួយនិងការទទួលខុសត្រូវរៀងៗខ្លួន។
បន្ថែមលេីនេះ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា បាល់ទាត់នេះ ផ្សារភ្ជាប់ជាមួយសន្តិភាព។ សន្តិភាពបានមកដោយលំបាក ដូច្នេះហើយបានគេយកប្រទេសកម្ពុជាជាគំរូ រហូតគេផ្តល់មេដាយសន្តិភាពជូនកម្ពុជា«សម្ដេចតេជោហ៊ុន សែន»ថែមទៀត។
លោកសន្តិបណ្ឌិត បន្តថា ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់ត្រូវរួមគ្នាធ្វើ និងទទួលខុសត្រូវទាំងអស់គ្នានិងសុំអោយបានការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្តផងដែរ។ ក្រៅពីការងារសន្តិសុខសណ្តាប់ធ្នាប់ ការងាររៀនចំចំណតនិងការងារ អនាម័យ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ជាមួយនិងការជំរុញអោយក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បន្ថែមល្បឿនកំលាំងសេវាទូរស័ព្ទ ដោយសារមនុស្សចូលរួមច្រើន។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញ សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡាដ្ឋានមរតកតេជោ ដោយមានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ដោយគ្រោង អ្នកចូលរួមប្រមាណ៤ម៉ឺន ទៅ៥ម៉ឺននាក់ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧:០០នាទី៕