UN ព្រមានថា មនុស្សរហូតដល់១.៥លាននាក់ អាចនឹងរត់ភៀសខ្លួន ដោយសារការកើនឡើងនៃជម្លោះ នៅប្រទេសស៉ីរី
(ហ្សឺណែវ)៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ (UN) បានព្រមានថា មនុស្សចំនួនរហូតដល់ ១.៥លាននាក់ អាចនឹងត្រូវបង្ខំឱ្យរត់ភៀសខ្លួន ចំពោះមុខការកើនឡើង នៃការប្រយុទ្ធគ្នា នៅក្នុងប្រទេសស៉ីរី ស្របពេលដែលក្រុមឧទ្ទាម បន្តប្រតិបត្តិការវាយលុកយ៉ាងឆាប់រហ័សរបស់ពួកគេ ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Samer Abdeljaber ដែលជាមន្រ្តីជាន់ខ្ពស់នៃកម្មវិធីស្បៀងអាហារពិភពលោករបស់ UN បាននិយាយថា អំពើហិង្សា បានធ្វើឱ្យមនុស្សប្រមាណ ២៨០ ០០០នាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែងរួចស្រេចទៅហើយ គិតចាប់តាំងវាបានផ្ទុះឡើងកាលពីចុងខែវិច្ឆិកាមក។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើស្ថានការណ៍នៅតែបន្តដូចបច្ចុប្បន្ន មនុស្សប្រហែល១.៥លាននាក់នៅស៉ីរី ដែលនឹងត្រូវរត់ភៀសខ្លួន ហើយត្រូវការការគាំទ្រ។
គួរបញ្ជាក់ថា បន្ទាប់ពីសមរភូមិមានការជាប់គាំងអស់ជាច្រើនឆ្នាំ ក្រុមឧទ្ទាមស៉ីរី ស្រាប់តែបានបើកប្រតិបត្តិការវាយលុកចេញពី តំបន់គ្រប់គ្រងស្នូលរបស់ពួកគេ ដែលស្ថិតនៅខេត្ត Idlib ភាគពាយព្យប្រទេស ហើយមកទល់ពេលនេះ ដណ្តើមកាន់កាប់បានទីក្រុងមួយចំនួន ក្នុងរយៈពេលយ៉ាងខ្លី។ សង្រ្គាមស៉ីវិលនៅស៉ីរី ដែលដំបូងមានទម្រង់ជាចលនាបះបោរតាមដងផ្លូវ បានផ្ទុះឡើងតាំងតែពី១៣ឆ្នាំមុន៕