សហភាពអឺរ៉ុប មិនទាន់អាចឯកភាពគ្នា ក្នុងការដាក់ទណ្ឌកម្មកញ្ចប់ទី១៥ លើរុស្ស៉ី

(ព្រុចសែល)៖ ក្រុមអ្នកតំណាងនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានទទួលបរាជ័យ កាលពីថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ក្នុងការអនុម័តលើកញ្ចប់ទណ្ឌកម្មទី១៥ ប្រឆាំងប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រុមអ្នកការទូតបានប្រាប់ថា ប្រទេសសមាជិកចំនួន២ បានរារាំងការអនុម័តកញ្ចប់ទណ្ឌកម្មខាងលើ ដោយសារតែការខ្វែងគំនិតគ្នាអំពី ការផ្តល់​ពេលវេលាបន្ថែម ឱ្យក្រុមហ៊ុនអឺរ៉ុប កាត់ផ្តាច់ការវិនិយោគរបស់ពួកគេ ចេញពីប្រទេសរុស្ស៉ី ប៉ុន្តែ EU នឹងជួបជុំគ្នាសាជាថ្មី ដើម្បីសម្រេចម្តងទៀត ​លើកញ្ចប់ទណ្ឌកម្មដដែលនោះ នាពេលក្រោយ។ កញ្ចប់ទណ្ឌកម្ម ក៏រួមមានការដាក់ទណ្ឌកម្ម លើកប៉ាល់ដែលដឹកប្រេងរុស្ស៉ីផងដែរ។

នៅក្នុងកញ្ចប់ទណ្ឌកម្ម គឺការជជែកដេញដោល អំពីការពន្យារពេលបន្ថែមទៀត សម្រាប់ការលើកលែងមួយរបស់ EU ដែលអនុញ្ញាតឱ្យសាធារណរដ្ឋឆែក បន្តនាំចូលប្រេងម៉ាស៊ូត និងផលិតដទៃទៀត ដែលមានប្រភពចេញពីប្រេងឆៅរុស្ស៉ី និងដែលផលិតដោយរោងចក្រចម្រាញ់របស់ស្លូវ៉ាគី។

គួរបញ្ជាក់ថា EU ដែលមានសមាជិក២៧ប្រទេស បានដាក់បម្រាមលើផលិតផលប្រេងភាគច្រើនរបស់រុស្ស៉ី ក្រោយសង្រ្គាមនៅអ៊ុយក្រែន ផ្ទុះឡើងកាលពីឆ្នាំ២០២២។ ប៉ុន្តែឆែក​ ស្លូវ៉ាគី និងហុងគ្រី ទទួលបានការលើកលែងពិសេស ក្នុងទណ្ឌកម្មដែល EU បានដាក់ទៅលើរុស្ស៉ី ដោយសារតែបញ្ហាខ្វះប្រភពផ្គត់ផ្គង់ផ្សេងទៀត។ ទោះជាបែបនេះក៏ដោយ សាធារណរដ្ឋឆែក បាននិងកំពុងដំឡើងសមត្ថភាពបំពង់បង្ហូរប្រេង ពីអ៉ីតាលីទៅអាល្លឺម៉ង់ ដើម្បីអាចដឹកជញ្ជូនប្រេងបានច្រើនជាងមុន តាមច្រកផ្លូវនោះវិញ ហើយកាត់បន្ថយការពឹងផ្អែកឱ្យបានទាំងស្រុងលើ​ប្រេងឆៅរុស្ស៉ី នៅអំឡុងឆមាសទី២ នៃឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង