ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាម តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ហៅកាត់ថា RISEAP។ ពិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអង្គការ RISEAP និងថ្នាក់ដឹកនាំសាសនាឥស្លាមនៅកម្ពុជា​ផងដែរ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះមានសេចក្តីសោមនស្សជាអនេក ដែលបានមកជួបបងប្អូនសាសនិកឥស្លាមសារជាថ្មី នៅក្នុង ពិធីបើកសន្និបាតលើកទី ២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក (RISEAP) ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមយកឱកាសនេះសំដែងនូវការកោតសរសើរចំពោះអង្គការ RISEAP ដែលបានរួមចំណែកជាមួយបណ្តាប្រទេសជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន, ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព និង សិទ្ធិសេរីភាពរបស់បងប្អូនឥស្លាម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាពពេញលេញរបស់កម្ពុជា ទើបតែមានអាយុកាលជិត ២៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនេះ គឺជាសន្តិភាពដែលមានរយៈពេលវែងជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងរយៈកាលយ៉ាងហោចណាស់៥០០ឆ្នាំ ចុងក្រោយនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ថ្ងៃទី២៩ ខែធ្នូខាងមុខនេះ ជាបង្គោលចរប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដែលប្រជាជនខ្មែរគ្រប់ជាតិសាសន៍ និងសាសនា តែងតែចងចាំគឺការសម្រចបានដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ដែលផ្ដួចផ្ដើម និងដឹកនាំអនុវត្តដោយ សម្ដេចតេជោ ហ៊ុន សែន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ប្រទេសជាច្រើនមកពីបណ្តាទ្វីបនានាលើពិភពលោក តែងតែបានថ្លែងការកោតសរសើរចំពោះការ ផ្លាស់ប្ដូរមុខមាត់ ស្ទើរតែមិនគួរឱ្យជឿរបស់កម្ពុជា ដែលបានជួបសោកនាដកម្មប្រវត្តិសាស្ត្រ ដែលពិបាកនឹងស្រមើស្រមៃ។ បណ្តាមិត្តរបស់កម្ពុជា ក៏បានផ្តល់តម្លៃខ្ពស់ចំពោះមេរៀន ការកសាងសន្តិភាព, បង្រួបបង្រួមជាតិ និង ភាពអត់ឱនរបស់កម្ពុជា, ហើយនៅក្នុងនោះ មិត្តរបស់យើងក៏បានកត់សម្គាល់ពីភាពលេចធ្លោរបស់កម្ពុជា ក្នុងទិដ្ឋភាពសុខដុមនី យកម្មសាសនា ទោះបីជាកម្ពុជាកំណត់យកពុទ្ធសាសនាជា សាសនារបស់រដ្ឋក៏ដោយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បច្ចុប្បន្ននេះ, ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព, យើងស្ទើរតែមិនដែលឮទាល់តែសោះ អំពីជម្លោះសាសនានៅកម្ពុជា ។ សម្រាប់កម្ពុជា, សហគមន៍ខ្មែរឥស្លាម ដែលជាសហគមន៍ជនជាតិភាគតិច តែងតែទទួលបានការលើកកម្ពស់ និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ បានផ្តល់ការសណ្ដោសប្រណី ដល់សហគមន៍មួយនេះ ដូចប្រជាជនខ្មែរទូទៅដែរ ។ ជាក់ស្តែង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានមានព្រះរាជតម្រិះ សព្វព្រះរាជហឫទ័យ ប្រទាននាមដល់បងប្អូនជនជាតិភាគ-តិចចាម ថាជា “ខ្មែរឥស្លាម” នៅក្រោយទទួលបានឯករាជ្យពីបារាំង នាឆ្នាំ ១៩៥៣ ក្នុងគោលបំណងចង់ឱ្យក្រុមជាតិភាគ-តិចចាម បានក្លាយជាពលរដ្ឋខ្មែរ
កាន់សាសនាឥស្លាមដោយ ស្របច្បាប់ និង ក្លាយជាខ្មែរតែមួយ ព្រមទាំងបានបន្សល់ទុក នូវអត្តសញ្ញាណដើមរបស់ពួគគេផងដែរ ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បងប្អូនខ្មែរឥស្លាមបានរងទុក្ខលំបាកដោយសារសង្គ្រាម, ការរើសអើងជាតិសាសន៍ ក្នុងរបបសាធារណរដ្ឋខ្មែរ និងការលុបបំបាត់ទាំងស្រុងនូវសេរីភាពសាសនា និង អំពើប្រល័យពូជសាសន៍ ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ទាល់តែដល់ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩, ទើបសេរីភាពជំនឿសាសនានៅកម្ពុជា ត្រូវបានស្ដារ និង សង្គ្រោះឡើងវិញ ។ ជាតថភាពប្រវត្តិសាស្ត្រ, សម្តេចអាចនិយាយបានថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា ឌី.អេន.អេ (DNA) របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា យើងតែងតែប្រកាន់ខ្ជាប់នូវ គោលការណ៍នេះ ជានិច្ច ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិមុន, ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានរៀបចំឱ្យមានស្ថាប័ន កំពូលឥស្លាមគឺ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និង បានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជា ច្រើនរូប នៅក្នុងស្ថាប័នកំពូលរបស់ជាតិ និង នៅថ្នាក់ក្រោមជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បច្ចុប្បន្ននេះ, យើងមានបងប្អូនឥស្លាមចំនួន៥រូប ជាសមាជិកព្រឹទ្ធសភា ដែលក្នុងនោះ មានស្រ្តីមួយរូបនិង ៦រូប ជាអ្នកតំណាងរាស្ត្រ ដែលក្នុងនោះក៏មានស្ត្រីមួយរូបផងដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សមាជិករាជរដ្ឋាភិបាល, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទីប្រឹក្សា ប្រធានព្រឹទ្ធសភា, ទីប្រឹក្សាជាន់ ខ្ពស់រដ្ឋសភា, រាជរដ្ឋាភិបាល និង ក្រសួង-ស្ថាប័ន, អភិបាល រងរាជធានី-ខេត្ត, អភិបាលរងក្រុង-ស្រុក-ខណ្ឌ, សមាជិក-
ក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ, សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់, មន្ត្រីយោធា និង នគរបាល ថ្នាក់ឧត្តមសេនីយ៍, គ្រូពេទ្យ និង គ្រូបង្រៀនខ្មែរឥស្លាមជា ច្រើនរូប ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលក៏បានផ្ដល់ជូនសហគមន៍ខ្មែរឥស្លាម ដូចជាការរៀបចំអាហារស្រាយបួសរ៉ាម៉ាឌន
តាំងពីឆ្នាំ២០១៤ មកដែលមានអ្នកចូលរួមទាំងភ្ញៀវជាតិ និង អន្តរជាតិជាមធ្យមប្រមាណ ៥០០០នាក់ក្នុងមួយឆ្នាំ ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សេរីភាព នៃការគោរពប្រណិប័តន៍សាសនាឥស្លាម ក៏ត្រូវបានរាជរដ្ឋភិបាលបើកទូលាយ, ជាក់ស្តែង សិស្ស-និស្សិតខ្មែរឥស្លាម អាចស្លៀកសំលៀកបំពាក់ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថាន សិក្សាគ្រប់កម្រិត ហើយបងប្អូនជាស្រ្តីអាចទទូរក្បាល ហើយ បុរសក៏អាចពាក់មួកកាតឹបថតរូប សម្រាប់ប្រើប្រាស់លើ ឯកសាររដ្ឋបាល ដូចជាលិខិតឆ្លងដែន និង អត្តសញ្ញាណបណ្ណ ។ល ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រៅពីនោះយើងក៏មានកន្លែងថ្វាយបង្គំ នៅតាមព្រលានយន្តហោះ, មន្ទីរពេទ្យរដ្ឋ, រោងចក្រ, សណ្ឋាគារ និង ផ្សារធំៗមួយចំនួន ជាពិសេសនៅវិមានសន្តិភាព, ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បងប្អូនឥស្លាមកាន់តែច្រើនក៏មានលទ្ធភាព និងឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ, ហើយបងប្អូនឥស្លាមខ្លះទៀត ក៏មានឱកាសចាប់ដៃគូជាមួយ វិនិយោគិនបរទេស ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា នៅឆ្នាំក្រោយនេះ, អង្គការសម្ព័ន្ធពិភពឥស្លាម(រ៉ាពីតាស់) គ្រោងនឹងរៀបចំ សន្និសីទអន្តរជាតិឥស្លាម នៅរាជធានី ភ្នំពេញ ដើម្បីអោយបណ្តាប្រទេសដទៃ អាចរៀនសូត្រពីបទ- ពិសោធ ជាគំរូរបស់កម្ពុជា លើទិដ្ឋភាពសុខដុមនីយកម្មជាតិ សាសន៍ និង សាសនា, ហើយខ្ញុំក៏នឹងចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា យើងទទួលស្គាល់ថា បងប្អូនឥស្លាម គឺជាសមាសធាតុ និង សមាជិកប្រកបដោយការទទួលខុសត្រូវ នៅក្នុងសង្គមជាតិខ្មែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បងប្អូនឥស្លាមក៏បានយល់យ៉ាងច្បាស់ និងមានការប្ដេជ្ញាចិត្តខ្ពស់ចំពោះការប្រយុទ្ធប្រឆាំងនឹង លទ្ធិជ្រុលនិយម, ទាំងក្នុងសកម្មភាពនយោបាយ និងសាសនា ដែលតែងជំរុញឱ្យមានការបែងចែក និង បំបែកបំបាក់សង្គម, កំហឹង និង ការរើសអើង និង ការប្រើប្រាស់ហិង្សា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា យើងមិនត្រូវភ្លេចទេថា សហគមន៍ឥស្លាមរបស់កម្ពុជា គឺជាកោសិកាមួយនៃសហគមន៍ ឥស្លាម អន្តរជាតិ ។ ដូច្នេះភាតរភាពនៃសាសនា ក៏បានបង្កើតនូវទំនុកចិត្ត ជាពិសេស សម្រាប់ធុរកិច្ចឥស្លាមទូទាំងពិភព- លោក ឱ្យចាប់អារម្មណ៍ និង ផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជា ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បងប្អូនខ្មែរឥស្លាមគឺជាកូនសោគន្លឹះសម្រាប់កម្ពុជា ក្នុងការបើកទ្វារ នៃកាលានុវត្តភាព សេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោកមិនថា ហិរញ្ញវត្ថុ ឥស្លាម (Islamic finance) ឬ សេដ្ឋកិច្ចហាឡាល (Halal economy)។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្តេចផ្ទាល់ក៏បានយកចិត្តទុកដាក់ខ្ពស់នៅក្នុងការជំរុញឧស្សាហកម្ម ផលិតកម្ម និង ការនាំចេញ ផលិតផលហាឡាល ដើម្បីឱ្យកម្ពុជាអាចចាប់យកកាលានុវត្តភាពដ៏ទូលំទូលាយ នៃទីផ្សារហាឡាល ដោយមានការបញ្ជាក់ពីស្ដង់ដា និង ការទទួលស្គាល់អនុលោមភាព ច្បាស់លាស់ លើគោលការណ៍ហាឡាល កម្រិតអន្តរជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្តេចបន្តលើកទឹកចិត្តឱ្យបងប្អូនខ្មែរឥស្លាម ចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការដើរតួ ជាទូតសុឆន្ទៈ, ជាដៃគូពាណិជ្ជកម្ម និង ដៃគូវិនិយោគ និង ជាអន្តរការី ដែលអាចទុកចិត្តបាន និងមានភាពស្មោះត្រង់ សម្រាប់ដៃគូឥស្លាមបរទេស នៅក្នុងការជំរុញការផ្សារភ្ជាប់ និងពង្រឹងវត្តមានកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចប្រកបដោយវិបុលភាពនៃឥស្លាមអន្តរជាតិ ។

អត្ថបទដែលជាប់ទាក់ទង