សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណប្រធានរដ្ឋសភាឥណ្ឌា ចំពោះលិខិតអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណលោក អូម ប៊ីឡា ( OM BIRLA) ប្រធានរដ្ឋសភាឥណ្ឌា ចំពោះលិខិតអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា « ឯកឧត្តម ជាទីគោរពរាប់អាន! ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះ ចំពោះសារលិខិតអបអរសាទររបស់ឯកឧត្តម ចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលកម្ពុជា និងឥណ្ឌាមានទំនាក់ទំនងមិត្តភាពយូរជាងគេបំផុត ក្នុងផ្នែកអរិយធម៌ វប្បធម៌ និងសាសនា។ គួរឱ្យកត់សម្គាល់ផងដែរថា ទំនាក់ទំនងរវាងប្រទេស ប្រជាជន និងសភាយើងទាំងពីរ បានរីកចម្រើនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

ក្នុងនាមខ្ញុំជាប្រធានព្រឹទ្ធសភា ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការងារយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម និងរដ្ឋសភាឥណ្ឌា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់ រវាងប្រទេសនិងសភាយើងទាំងពីរ ដើម្បីឧត្តមប្រយោជន៍នៃប្រទេសនិងប្រជាជនរបស់យើង។

ខ្ញុំសូមឆ្លៀតឱកាសនេះជូនពរ ឯកឧត្តម សូមមានសុខភាពល្អ សុភមង្គល និងទទួលបាន ជោគជ័យ គ្រប់ភារកិច្ចដ៏ឧត្តុងឧត្តម និងជូនពរប្រជាជនឥណ្ឌា សូមសមប្រកបដោយសុភមង្គល និងវិបុលភាព។ សូម ឯកឧត្តម មេត្តាទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្ញុំ»

អត្ថបទដែលជាប់ទាក់ទង