អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យអ្នកគ្រប់គ្រង «Galaxy Navatra» និងអ្នកដឹកនាំផលិតលុបបទ «សែកមន្ត» ដើម្បីកែសម្រួល និងកាត់ប្លង់តុក្កតាឡាប៊ូប៊ូចេញ

(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានសម្រេចបញ្ជាឱ្យអ្នកគ្រប់គ្រងផលិតកម្ម និងលោក Jonathan លុបវីដេអូ (MV) បទ «សែកមន្ត» ចេញពី Channel Cam pop ដែលជា Channel បុត្រសម្ព័ន្ធរបស់ Galaxy Navatra។

ជាមួយគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបញ្ជាក់ថា ទោះបច្ចុប្បន្នមានអ្នកទស្សនាជាង ៤លានដងក៏ដោយ ចាប់ពីម៉ោងពេលនេះតទៅ ត្រូវកែប្រែដោយកាត់ចេញនូវវីដេអូមានប្លង់តុក្កតាឡាប៊ូប៊ូទាំងស្រុង ទើបអាចផុសឡើងវិញបាន។

អ្នកឧកញ៉ា បានលើកឡើងបន្តថា មួយរយៈនេះលោក Jonathan ជាអ្នកដឹកនាំសម្ដែងនៃបទ «សែកមន្ត» ដែលការដឹកនាំនោះ បានប្រើប្រាស់តុក្កតាឡាប៊ូប៊ូ។ កន្លងទៅអ្នកដឹកនាំសម្ដែងបានកែតម្រូវខ្លះទៅហើយក្ដី តែមកដល់ពេលនេះ អ្នកឧកញ៉ាបានពិនិត្យឃើញថា នៅតែមានការវែកញែកពីផលប៉ះពាល់ផ្សេងៗនៅបណ្ដាញសង្គម។

ទន្ទឹមនឹងគ្នានេះ អ្នកឧកញ៉ាក៏បានគោរពអរគុណពុកម៉ែបងប្អូនទាំងអស់ ដែលបានផ្ដល់យោបល់កែតម្រូវ ដើម្បីសិល្បៈកម្ពុជា ក្នុងការឈានទៅរកភាពរីកចម្រើនទៅមុខ។ អ្នកឧកញ៉ាចាត់ទុក ពុកម៉ែបងប្អូនទាំងអស់ ប្រៀបដូចជាកញ្ចក់ដែលឆ្លុះបញ្ចាំង នូវចំណុចខ្វះខាតរបស់ក្រុមការងារ៕

អត្ថបទដែលជាប់ទាក់ទង