រដ្ឋាភិបាលបារាំង ដួលរលំ ក្រោយសភាបោះឆ្នោតដកសេចក្ដីទុកចិត្ត

(ប៉ារីស)៖ សមាជិកសភាបារាំង កាលពីថ្ងៃពុធ ទី៤ ខែធ្នូ បានអនុម័តលើការបោះឆ្នោតដកសេចក្ដីទុកចិត្តប្រឆាំងរដ្ឋាភិបាល ដែលធ្វើឱ្យមហាអំណាចសេដ្ឋកិច្ចធំទី២របស់សហភាពអឺរ៉ុបមួយនេះ ធ្លាក់ចូលក្នុងវិបត្តិនយោបាយកាន់តែជ្រៅដែលអាចនឹងគំរាមកំហែងដល់សមត្ថភាពក្នុងការអនុម័តច្បាប់ផ្សេងៗ និងការដោះស្រាយឱនភាពកញ្ចប់ថវិកា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

សមាជិកសភាបារាំងមកពីគណបក្សសាំ្ដនិយមជ្រុល និងឆ្វេងនិយម បានរួមដៃគ្នាបោះឆ្នោតគាំទ្រលើសំណើដកសេចក្ដីទុកចិត្តប្រឆាំងនឹងនាយករដ្ឋមន្ត្រី លោក Michel Barnier ជាមួយសំឡេង គាំទ្រភាគច្រើន ៣៣១។ ដូច្នេះពីឥលូវទៅ លោក Barnier ត្រូវដាក់លិខិតលាលែងចេញពីតំណែងរបស់លោកផ្ទាល់ និងរដ្ឋាភិបាលរបស់លោកទាំងមូលទៅកាន់លោកប្រធានាធិបតី Emmanuel Macron។ ការណ៍នេះធ្វើឱ្យរដ្ឋាភិបាលសំឡេងភាគតិចរបស់លោក Barnier ដែលទើបតែដឹកនាំប្រទេសបាន៣ខែ ក្លាយជារដ្ឋាភិបាលមានអាយុខ្លីជាងគេបំផុតមួយ ចាប់តាំងពីការចាប់ផ្ដើមនៃ សាធារណរដ្ឋទី៥ របស់បារាំងក្នុងឆ្នាំ១៩៥៨មក។ បើតាមប្រព័ន្ធផ្សព្វផ្សាយបារាំង លោក Barnier ត្រូវបានរំពឹងថានឹងដាក់ពាក្យលាលែងពីតំណែងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះ។

គួរបញ្ជាក់ថា គណបក្សស្ដាំនិយមជ្រុល និងឆ្វេងនិយម បានរួមដៃគ្នាបោះឆ្នោតដកសេចក្ដីទុកចិត្តពីរដ្ឋាភិបាលរបស់លោក Barnier នៅបន្ទាប់ពីរូបលោកបានប្រើប្រាស់សិទ្ធិអំណាចពិសេសដែល មានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីអនុម័តកញ្ចប់ថវិកាមួយ ដោយមិនឆ្លងកាត់ការបោះឆ្នោតសម្រេចចិត្តចុងក្រោយពីសភា ជាទីដែលរដ្ឋាភិបាលមិនមានសំឡេងភាគច្រើនគ្រប់គ្រាន់៕

អត្ថបទដែលជាប់ទាក់ទង