បុណ្យរំលឹកគុណអង្គរលើកទី៤នឹងប្រារព្ធនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ

ក្រសួងវប្បធម៌ និងវិចិត្របានឱ្យដឹងនៅរសៀលថ្ងៃទី៣ ខែធ្នូ​នេះថា បុណ្យរំលឹកគុណអង្គរ លើកទី៤ ឆ្នាំ២០២៤​នឹងប្រារព្ធនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ។ថ្ងៃទី១៤ ខែធ្នូឆ្នាំ​នេះដែរ ក៏ជាគម្រប់ខួប៣២ឆ្នាំ​នៃការដាក់​ប្រាសាទអង្គរវត្តចូលក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោករបស់​អង្គការ​យូណេ​ស្កូផងដែរ(១៤ ធ្នូ ១៩៩២ -១៤ ធ្នូ ២០២៤)។

សូមជម្រាបថា តាមរយៈសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ឱ្យរៀបចំពិធីបុណ្យ​រំលឹក​គុណអង្គរ​នៅរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ​២០២២តទៅ។

ដោយឡែក បុណ្យរំលឹកគុណអង្គរឆ្នាំ២០២៣កន្លងទៅ បាន​ប្រារព្ធរយៈពេល១០ថ្ងៃចាប់ផ្តើមពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៦ ខែធ្នូ។ ខណៈពិធីបើកព្រឹត្តិការណ៍ជាផ្លូវការបានប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែធ្នូក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សា​ភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងវត្តមានថ្នាក់ ដឹកនាំសំខាន់ៗ​ជាច្រើនរូបទៀត។

ពិធីបុណ្យរំលឹកគុណអង្គរ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែល​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា បានរៀប​ចំឡើង ក្នុងគោលបំណងសំខាន់បំផុតគឺ សម្តែងការដឹងគុណ ចំពោះបុព្វការីជន​គ្រប់ជំនាន់ ដែលបានខិតខំបូជាកម្លាំង​កាយចិត្ត ក្នុងការងារថែរក្សាអង្គរ​តាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ន។ពិធីដ៏មានសារៈសំខាន់មួយនេះ នឹងកាន់តែធ្វើឱ្យអង្គរ មានភាពល្បីរន្ទឺ និងជាទីគោរពបូជាពីសាធារណ​ជនទូទៅ។

បុណ្យរំលឹកគុណអង្គរ ក៏ចង់រំលេចនូវគុណតម្លៃរបស់អង្គរ ឱ្យកាន់​តែមានលក្ខណៈទូលំទូលាយបន្ថែមទៀត នៅក្នុងបរិបទ​សកល​ភាវូបនីយកម្ម ។ការបង្ហាញនូវការដឹងគុណទាំងអស់នេះ នឹង​កាន់តែធ្វើឱ្យអង្គរកាន់តែមានភាពសក្ការៈថែមទៀត។

សូមជម្រាបថា TimesTravelកាលពីពេលថ្មីៗនេះបានចេញផ្សាយថា ប្រាសាទអង្គរវត្តនៃព្រះជាណាចក្រកម្ពុជា​បានជាប់​ចំណាត់ថ្នាក់លេខ១ ជាតំបន់បេតិ​កភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលមាន​សោភណភាពស្រស់ស្អាត​ដាច់គេ​ក្នុងទ្វីបអាស៊ី​៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង