សម្តេចតេជោ ប្រាប់មេដឹកនាំចិន អំពីការដឹកនាំដោយរលូន របស់អ្នកបន្តវេនជំនាន់ថ្មី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រាប់មេដឹកនាំចិន អំពីការផ្លាស់ប្តូរបន្តវេនអ្នកដឹកនាំដោយរលូន អស់រយៈពេល ជាង១ឆ្នាំកន្លងមកនេះ ហើយអ្នកដឹកនាំបន្តវេនជំនាន់ថ្មី បានធ្វើការងារក្នុងល្បឿនលឿន ឈានទៅមុខរក្សាបាននូវស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា និងធ្វើឱ្យ ជីវភាពរបស់ប្រជាជនកម្ពុជា កាន់តែប្រសើរឡើង ។
ការថ្លែងប្រាប់នេះ ធ្វើឡើងនៅក្នុងជំនួបកម្រិតខ្ពស់ រវាងសម្ដេចតេជោ និងលោក ស៊ី ជីន ពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិន នៅផ្ទះភ្ញៀវរដ្ឋ Diaoyutai នៃរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានស្នើបន្ថែមថា ចិននិងកម្ពុជា៖ (១) បន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោក ការបង្រ្កាបបទល្មើសល្បែងអនឡាញ …។ល។, (២) បន្តពង្រឹងទំនាក់ទំនងរវាងបក្ស និងបក្ស ជាពិសេសទំនាក់ទំនង រវាងចលនាមហាជន និងគណៈទាក់ទងបរទេស។ តាមបទពិសោធរបស់សម្តេចតេជោ ការស្គាល់គ្នាដែលចាប់ផ្តើមពីយុវជន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន គឺមានអត្ថប្រយោជន៍ ក្នុងការពង្រឹងទំនាក់ទំនង រវាងគណបក្សទាំងពីរទៅអនាគត និង (៣)បន្តពង្រឹងទំនាក់ទំនងកិច្ចការបរទេស ជាពិសេសក្នុងវេទិកាតំបន់ និងអន្តរជាតិ។