ចង់ប្តូរអាសយដ្ឋានថ្មីក្នុងអត្តសញ្ញាណប័ណ្ណ អត់ត្រូវការឯកសារច្រើនទេ អាចធ្វើបាននៅទីតាំងទាំងនេះ
នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកចំណេះដឹងជូនទៅកាន់សាធារណជន អំពីវិធីសាស្ត្រ ក៏ដូចជាលក្ខខណ្ឌ ក្នុងការប្តូរអាសយដ្ឋានថ្មី ក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ជាក់ស្ដែង ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ឱ្យបានដឹងថា ករណីចង់ប្តូរអាសយដ្ឋានថ្មី ក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺភ្ជាប់តែសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារបន្ថែមទៅថតធ្វើថ្មី ពេលអត្តសញ្ញាណប័ណ្ណនោះផុតសុពលភាព ឬ សុពលភាពសល់តិចជាង ១៨០ ថ្ងៃ។
គួរឱ្យដឹងផងដែរថា ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ អស់សុពលភាព ឬ សុពលភាពនៅសល់តិចជាង ឬ ត្រឹម៩០ ថ្ងៃ អាចទៅបំពេញបែបបទសុំប្ដូរយកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរថ្មី (ទុតិយតា) នៅតាមបណ្តាទីតាំងដែលមានដូចជា ៖
១. នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ ច្រកចេញចូល តែមួយក្រុង ស្រុក ខណ្ឌ ឬ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន។
២. នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)។
៣. ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអ៊ីអនម៉ល ២ (Aeon Mall II) សែនសុខ៕