សេតវិមាន៖ លោក បៃដិន នឹងចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ

(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា បានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នៅខែមករាខាងមុខ ដោយហៅការចូលរួមនេះជាការប្ដេជ្ញាចិត្តមួយចំពោះគុណតម្លៃប្រជាធិបតេយ្យ បើទោះជាលោក ត្រាំ ធ្លាប់បដិសេធចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក បៃដិនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អតីតប្រធានាធិបតី និងជាប្រធានាធិបតីជាប់ឆ្នោតបច្ចុប្បន្ន លោក ត្រាំ បានបដិសេធចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោក បៃដិន កាលពីឆ្នាំ២០២១ បន្ទាប់ពីរូបលោកចោទប្រកាន់ដោយគ្មានមូលដ្ឋានថាការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ មានការលួចបន្លំសន្លឹកឆ្នោត។ យ៉ាងណាក៏ដោយ ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងស្ថិតនៅលើយន្ដហោះ Air Force One ជាមួយលោក បៃដិន អ្នកនាំពាក្យរងរបស់សេតវិមាន លោក Andrew Bates បានបញ្ជាក់ថាលោកប្រធានាធិបតី បៃដិន បានសន្យាថា នឹងចូលរួមពិធីស្បថចូលកាន់តំណែងមិនថានរណាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកក៏ដោយ។ លោក Bates បន្តថាលោក បៃដិន និងលោកស្រីជំទាវទី១ នឹងគោរពតាមពាក្យសន្យា ហើយនឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ។

គួរបញ្ជាក់ថា លោក ចូ បៃដិ​ន បានសន្យាថាលោកនឹងផ្ទេរអំណាចដោយសន្តិវិធីទៅឱ្យលោក ដូណាល់ ត្រាំ បន្ទាប់ពីលោក ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ ដោយផ្ដួលលោកស្រី កាម៉ាឡា ហារីស។ លោក បៃដិន ក៏បានអញ្ជើញលោក ត្រាំ ទៅកាន់សេតវិមានផងដែរកាលពីពេលថ្មីៗនេះ ដើម្បីជជែកគ្នាពី ការផ្ទេរអំណាចដោយសន្តិវិធី៕

អត្ថបទដែលជាប់ទាក់ទង