ក្រសួងរៀបចំដែនដី រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ រយៈពេលពីរថ្ងៃ

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីបើកសន្និបាតនេះ បានធ្វើឡើង នៅសាលសន្និបាត២០២១ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួងពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

ចំណែកពិធីបិទសន្និបាតនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សន្និបាតប្រចាំឆ្នាំរបស់ក្រសួងដែនដីជាការពិនិត្យ និងបូកសរុបលទ្ធផលការងារ ដែលក្រសួង បានខិតខំបំពេញយ៉ាងសកម្មរយៈពេល១ឆ្នាំកន្លងមក។ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នឹងមានថ្លែងសុន្ទរកថាមួយចំ​នួន នៅក្នុងពិធីបើកសន្និបាតនេះ។

សន្និបាតប្រចាំឆ្នាំរយៈពេល២ថ្ងៃនេះ នឹងមានបទអន្តរាគមន៍ជាបន្តបន្ទាប់ស្តីពី «ការចុះបញ្ជីដីបង្ហើយ និងបរិយាកាសគ្មានវិវាទ», «ការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប», «ការកសាងផែនការរៀបចំដែនដី», «ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេសមុទ្រកម្ពុជា», «ការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ», «ទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងការអភិវឌ្ឍបុរីជនបទ», «សម្បទានដីសង្គមកិច្ច», «ការគ្រប់គ្រង និងអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា», «ស្ថាបត្យកម្មខ្មែរសហសម័យ», «ការផ្តល់សេវាគាប់ចិត្ត», «ការចុះបញ្ជីដីបង្ហើយនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី», «បទពិសោធន៍នៃការគ្រប់គ្រងសំណង់នៅខេត្តព្រះសីហនុ», «លទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប» ជាដើម៕

អត្ថបទដែលជាប់ទាក់ទង