បេក្ខជន មានបញ្ហាសុខភាព ក្នុងពេលប្រឡងបាក់ឌុប ព្រឹកនេះ ខ្លះអាចបន្តប្រឡងបាន និងខ្លះ ត្រូវបញ្ជូនទៅសង្រ្គោះ
ភ្នំពេញ៖ នៅថ្ងៃទី១ នៃការដំណើរការសំណេរ ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៦-៧ វិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានក្រសួង អប់រំ ឱ្យដឹងថា មានបេក្ខជន តាមមណ្ឌលមួយចំនួន បានជួបបញ្ហាសុខភាព ក្នុងនេះ ក្រោយការសង្រ្គោះ ពីសំណាក់ក្រុមគ្រូពេទ្យ បេក្ខជនខ្លះ អាចបន្តធ្វើការប្រឡងទៀតបាន និងចំណែកបេក្ខជនខ្លះទៀត ដែលធ្ងន់ធ្ងរ ក៏ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ។
បើយោងតាមទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ និងក៏ដូចជា អង្គភាពប្រឆាំងអំពើពុក រលួយ បានឱ្យដឹង នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ក្នុងការដំណើរការ សំណេរ ព្រឹកថ្ងៃទី១ នេះ សម្រាប់បេក្ខជនដែលមានបញ្ហាសុខភាព ដូចជា បេក្ខជនម្នាក់ ជាព្រះសង្ឃ មានបញ្ហាសុខភាព ដួលសន្លប់ នៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជូនទៅសង្រ្គោះ ទៅកាន់មន្ទីពេទ្យបង្អែកខេត្ត ដោយសារមូលហេតុព្រះអង្គ ពុំបានឆាន់ចង្ហាន់ពេលព្រឹក។ បេក្ខនារីឈ្មោះ សាន ដាលីន នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ រាជធានីភ្នំពេញ បានសន្លប់ ដោយសារសម្ពាធឈាមចុះខ្លាំង។ ក្រោយសង្រ្គោះពីសំណាក់ក្រុមគ្រូពេទ្យ បេក្ខនារីរូបនេះ អាចបន្តប្រឡងបន្តទៀត បាន នៅក្នុងរថយន្តសង្រ្គោះ។
ចំណែក បេក្ខជន និងបេក្ខនារី ២ រូប នៅមណ្ឌលបឋមសិក្សាសន្តិភាព ខេត្តកំពង់ស្ពឺ ដែលម្នាក់ទើបជាសះពីជំងឺគ្រុនឈាម និងម្នាក់ទៀត ទើបវះកាត់បាន ២ ថ្ងៃ ដោយសារអាការមានសភាពធ្ងន់ធ្ងរ ត្រូវបានប្រធានមណ្ឌល និងប្រធានអប្បមាទ ធ្វើទំនាក់ទំនង ឱ្យឪពុកម្តាយ ដើម្បីមកទទួលទៅផ្ទះវិញ។
ចំណែកបេក្ខនារី នៅវិទ្យាល័យទូលទំពូង ក្នុងរាជធានីភ្នំពេញ ដែលមានជំងឺគ្រុនឈាម មិនទាន់ជា ត្រូវបានគេដាក់ឱ្យប្រឡង នៅបន្ទប់ដាច់ដោយឡែកពីគេមួយ។ ដោយឡែក បេក្ខជន នៅមណ្ឌលប្រឡងនេះដែរ ដែលទើបវះកាត់ពោះវៀនដុះខ្នែង និងជំងឺគ្រុនឈាម មួយរូបទៀត ក៏ត្រូវបានដាក់ឱ្យប្រឡងបន្ទប់ដោយឡែកដូចគ្នា។
ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ ត្រូវថែរក្សា សុខភាព ឱ្យបានល្អ សម្រាក និងបរិភោគអាហារ ឱ្យបានគ្រប់គ្រាន់ ប្រកបដោយ អនាម័យ ដើម្បីទទួលបានលទ្ធផល ល្អប្រសើរ ក្នុងការប្រឡង។
គួរបញ្ជាក់ថា ការប្រឡងយកសញ្ញាបត្រ បាក់ឌុប នៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧.៤១២ នាក់ ស្រី ៧៣.២៧៨ នាក់ មណ្ឌលប្រឡងសរុប ២២៧ មណ្ឌល ត្រូវជា ៥.៥៤៣ បន្ទប់៕