ហ្វីលីពីន៖ អនុប្រធានាធិបតី គំរាមសម្លាប់ប្រធានាធិបតី
(ម៉ានីល)៖ ក្រុមមន្ត្រីសន្តិសុខនៅក្នុងប្រទេសហ្វីលីពីន បានពង្រឹងកិច្ចការពារសន្តិសុខ កាលពីថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា បន្ទាប់ពីលោកស្រីអនុប្រធានាធិបតី Sara Duterte បានគំរាម ជាសាធារណៈថាលោកស្រីបានជួលឃាតកម្នាក់ដើម្បីសម្លាប់លោកប្រធានាធិបតី Ferdinand Marcos Jr ប្រសិនបើខ្លួនលោកស្រីផ្ទាល់ត្រូវគេសម្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ជាសញ្ញានៃជម្លោះកាន់តែក្ដៅគគុករវាងគ្រួសារលោក Duterte និងគ្រួសារលោក Marcos លោកស្រី Sara Duterte បាននិយាយដោយឥតលាក់លៀមនៅឯសន្និសីទសារព័ត៌មានមួយ កាលពី ព្រឹកថ្ងៃសៅរ៍ថាលោកស្រីបានជួលឃាតកម្នាក់ ហើយបានបញ្ជាឱ្យរូបគេសម្លាប់លោក Marcos និងភរិយារបស់លោក ព្រមទាំងប្រធានសភាហ្វីលីពីន នៅក្នុងករណីដែលលោកស្រីត្រូវបានគេ សម្លាប់។ «ខ្ញុំបានបញ្ជាមនុស្សម្នាក់ថាប្រសិនបើខ្ញុំត្រូវគេសម្លាប់ អ្នកឯងត្រូវតែសម្លាប់ BBM (លោក Marcos), (ជំទាវទីមួយ) លោកស្រី Liza Araneta និង (ប្រធានសភា) លោក Martin Romualdez។ នេះមិនមែនជាការនិយាយលេងសើចទេ ហើយកុំបញ្ឈប់ឱ្យសោះ ទាល់តែអ្នកឯងសម្លាប់ពួកគេបាន»។ នេះជាការគំរាមរបស់លោកស្រី Sara Duterte។
គួរបញ្ជាក់ថា ក្រោយការគំរាមរបស់លោកស្រី Sara Duterte ដែលជាកូនស្រីរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte អាជ្ញាធរសន្តិសុខហ្វីលីពីនបានប្រកាសពង្រឹងកិច្ចការពារ សន្តិសុខ ជាមួយការបង្កើនការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ត្រីអនុវត្តច្បាប់ទាំងអស់ ដើម្បីបញ្ចៀស និងទប់ស្កាត់រាល់ការគំរាមកំហែងដល់លោកប្រធានាធិបតី Marcos និងគ្រួសាររបស់ លោក។ ជម្លោះរវាងគ្រួសារលោក Duterte និងគ្រួសារលោក Marcos បានរាលដាលកាន់តែធំនារយៈពេលប៉ុន្មានខែចុងក្រោយនេះ ពាក់ព័ន្ធនឹងគោលនយោបាយការបរទេស និងសង្រ្គាម ប្រឆាំងគ្រឿងញៀនរបស់លោក Duterte៕