ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថា កម្ពុជានឹង​មាន​ការអភិវឌ្ឍរីកចម្រេីន កាន់តែខ្លាំងក្លា​

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយលោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាសនៃដំណើរ​ទស្សនកិច្ច​ផ្លូវការ និងចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ លោកប្រធានរដ្ឋសភាវៀតណាម បានការកោតសរសើរចំពោះ​ការ​អភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លា ប្រកបដោយភាពច្នៃប្រឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ និងមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំ​របស់សម្ដេចបវរធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងខ្លាំងក្លា​បន្ថែមទៀត ដែលនឹងសម្រេចបានចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសចំណូល​ខ្ពស់​នៅឆ្នាំ២០៥០។

លោកប្រធានរដ្ឋសភា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការដ៏ល្អរវាងវៀតណាម និងកម្ពុជា។ លោកប្រធានរដ្ឋសភា បានប្ដេជ្ញា​ចិត្ត ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន​នីតិប្បញ្ញត្តិ​នៃប្រទេសទាំងពីរ និងបង្ហាញការគាំទ្រចំពោះការបន្តពង្រឹង និងពង្រីកទំនាក់ទំនង​រវាង​ក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងសេចក្ដីសោមនស្សរីករាយចំពោះ​វឌ្ឍន​ភាព និងការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏ដូចជា​ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតីបានស្វាគមន៍​ការប្តេជ្ញាចិត្ត​ក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

សម្ដេចបវរធិបតី និងលោកប្រធានរដ្ឋសភាក៏បានពិភាក្សាផងដែរ អំពីការបន្តជំរុញកិច្ច​សហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ជាអាទិ៍៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, វិស័យទេសចរណ៍, វិស័យសន្តិសុខ និងការពារជាតិ, ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង