ករណីក្មេងប្រុសអាយុ ៤ ឆ្នាំរបួសចំភ្នែកក្នុងសាលាឯកជនមួយ ពេលនេះត្រូវម្ដាយបង្ហាញស្ថានភាពកូន និង ប្រកាសប្តឹងម្ចាស់សាលា ក្រោយគ្មានដំណោះស្រាយ
កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ មានគណនីស្រ្តីជាម្ដាយមួយរូប មានឈ្មោះ Kanha Joly បានបង្ហោះសារ និង រូបភាព រកភាពស្អាតស្អំ និង យុត្តិធម៌ជូនកូនប្រុសរបស់ខ្លួនទាំងក្តីឈឺចាប់ ក្នុងករណីកូនប្រុសរបស់ខ្លួន ដែលមានអាយុ ៤ ឆ្នាំ រងរបួសត្រង់ភ្នែកខាងឆ្វេង បន្ទាប់ពីត្រូវបានចាក់ធ្លុះកញ្ចក់ចំគ្រាប់ភ្នែក ដោយសិស្សផ្សេងក្នុងថ្នាក់មត្តេយ្យសិក្សា នៃសាលាឯកជនមួយ ក្នុងរាជធានីភ្នំពេញ។
បន្ទាប់ពីការបង្ហោះបែបនេះកន្លងទៅបានប្រមាណជាង ១ ខែ ពោលគឺនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ស្ត្រីជាម្ដាយដែលមានគណនីឈ្មោះ Kanha Joly បានបង្ហោះរូបភាពពីស្ថានភាពកូនប្រុសនាពេលបច្ចុប្បន្ន ព្រមទាំងសូមឱ្យបងប្អូនជួយ share ចែករំលែកដើម្បីជួយរកភាពស្អាតស្អំ និង យុត្តិធម៌ដល់កុមារវ័យ ៤ ឆ្នាំ។
ស្ត្រីជាម្ដាយ បានបង្ហោះរូបភាពកូនប្រុសភ្ជាប់ជាមួយសារថា ៖ «ខ្ញុំមិនជឿថាប្រទេសនេះគ្មានច្បាប់ការពារជនរងគ្រោះដូចកូនខ្ញុំ ដែលមានអាយុ ៤ ឆ្នាំ របួសភ្នែកធ្ងន់ធ្ងរក្នុងម៉ោងសិក្សាដោយគ្មានការគិតគូសង្គ្រោះ និង មិនផ្តល់ព័ត៌មានមកអាណាព្យាបាលភ្លាមៗនោះទេ។ ខ្ញុំក៏មិនជឿថា ជនខ្វះការទទួលខុសត្រូវ ខ្វះគុណធម៌ដូចអ្នកគ្រប់គ្រងសាលារៀនសុវណ្ណភូមិចំការដូង ១ លើករណីកូនខ្ញុំអាចគេចវេស និង ធ្វើតាមអំពើចិត្តក្នុងវិស័យអប់រំ ដែលកំពុងតែធ្វើកំណែទម្រង់ស៊ីជម្រៅនោះទេ។ ថ្ងៃនេះ ខ្ញុំប្តឹងជាផ្លូវការបុគ្គលជាម្ចាស់សាលានេះទៅតាមនីតិវិធីច្បាប់ ក្រោយគ្មានទំនួលខុសត្រូវសមស្រប ក្រោយការរង់ចាំ ទ្វេភាគី ១ ខែ និង ត្រីភាគីជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាង ១ ខែបន្ថែមទៀតកន្លងមក»។
សូមរំឭកផងដែរថា បើគិតត្រឹមថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ តាមរយៈការឱ្យដឹងពីគណនីហ្វេសប៊ុកឈ្មោះ Nhep Rattana ដែលត្រូវជាឪពុកកុមាររងគ្រោះបានបញ្ជាក់ថា ករណីកូនរបស់លោកអាយុ ៤ ឆ្នាំ ដែលរងគ្រោះថ្នាក់ចំភ្នែកធ្ងន់ធ្ងរនៅក្នុងថ្នាក់រៀនសាលាឯកជនមួយខាងលើនេះ គឺមានរយៈពេល ១ ខែគត់ហើយ ដោយមិនទាន់មានការទទួលខុសត្រូវនៅឡើយទេ៕