អភិបាលខេត្តតាកែវ បញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យគ្លីនិកឯកជន នៅទូទាំងខេត្ត

តាកែវ៖ ក្នុងពិធីបិទវេទិកាស្តីពី ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល ៣ឆ្នាំ(២០២១ដល់ ២០២៣) របស់ខេត្តតាកែវ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានចេញបទបញ្ជាឱ្យបង្កើតក្រុមការមួយ ចុះទៅត្រួតពិនិត្យនៅតាមគ្លីនិកឯកជននៅទូទាំងខេត្តតាកែវ ថាមានច្បាប់អនុញ្ញាត ឬយ៉ាងណា? ការចេញបទបញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យតាមគ្លីនិកឯកជន រកច្បាប់អនុញ្ញាតនេះ បន្ទាប់ពីមានស្រ្តីម្នាក់កាលពីម្សិលមិញ បានទៅរកសេវានៅគ្លីនិកឯកជនមួយឈ្មោះ សុខហាក់ ម៉ារីណា នៅស្រុកបាទី ហើយបានស្លាប់ក្រោយពីគ្រូពេទ្យចាក់ថ្នាំរួចនឹងត្រូវបានម្ចាស់គ្លីនិកយកសាកសពទៅបោះចោលនៅក្នុងព្រៃ។ ឯកឧត្តម វ៉ី សំណាង បានថ្លែងថា «អាជ្ញាធ ក្រុង ស្រុក ចាប់ពីពេលនេះតទៅ ត្រូវពិនិត្យមើលបញ្ហាគ្លីកនិកឯកជនឱ្យបានច្បាស់លាស់»។

រដ្ឋបាលខេត្ត នឹងបង្កើតក្រុមការងារមួយ ដែលមានអភិបាលរងខេត្តម្នាក់ចុះទៅតាម ក្រុង ស្រុក នីមួយៗ ដើម្បីត្រួតពិនិត្យមើលគ្លីនិកឯកជនទូទាំងខេត្ត ហើយបើរកឃើញភាពមិនប្រក្រតី ឬគ្មានច្បាប់អនុញ្ញាត គឺត្រូវបិទភ្លាមតែម្ដង»។ បើតាម ឯកឧត្តម អភិបាលខេត្ ក្រៅពីចុះត្រួតពិនិត្យតាមគ្លីនិកឯកជនរកច្បាប់អនុញ្ញាត អាជ្ញាធខេត្តតាកែវ ក៏នឹងធ្វើការពង្រឹងវិន័យក្រមសិលធម៌ វិជ្ជាជីវៈគ្រូពេទ្យឡើងវិញផងដែរ ហើយអាជ្ញាធ ក៏នឹងធ្វើការត្រួតពិនិត្យថ្នាំពេទ្យ ដែលប្រើប្រាស់តាមមន្ទីរពេទ្យរដ្ឋ និងឯកជន តើមានការប្រើប្រាស់ថ្នាំហួសសុពលភាព ឬយ៉ាងណា៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

អត្ថបទដែលជាប់ទាក់ទង