សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យ​លាភី​ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​ជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់សរុប ៨៣៣៩នាក់ ( ស្រី ៤ ៤០១ នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ២៧ អង្គ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញជាគ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋ ដែលមានតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បី​បម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របតាម គោលនយោបាយ​របស់រាជរដ្ឋាភិបាល។ ចាប់តាំងពីឆ្នាំ ១៩៨០ ដល់ ឆ្នាំសិក្សា២០២១-​២០២២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបណ្តុះបណ្តាលនិស្សិតសរុប ៦៤៦៧៤ នាក់ (ស្រី ២៥៥២១ នាក់) ក្នុងនោះនិស្សិតផ្នែកអាហារូបករណ៍​ចំនួន ២០៨២៥ នាក់(ស្រី ៦៨៣៣ នាក់) និង និស្សិតផ្នែកសិក្សាបង់ថ្លៃ​មានចំនួន ៤៣៨៤៩ នាក់ (ស្រី ១៨៦៨៨ នាក់)។

និស្សិតកំពុងសិក្សា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំសិក្សា​២០២៣-២០២៤ មានចំនួន ២៩៨១៩ នាក់ (ស្រី ១៧៧៥៣ នាក់) ក្នុងនោះ និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតី តេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៣៨៣ នាក់ (ស្រី ២៣៦ នាក់)។

សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបរទេសល្បីៗ ដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល​ឲ្យកាន់តែ​ប្រសើរ​ឡើង។ បច្ចុប្បន្ន សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញបានចុះហត្ថលេខាលើ​អនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ ដៃគូ និងស្ថាប័ន​ផ្សេងៗទាំងក្នុងស្រុក និងបរទេសបានចំនួន ២២៣ ដើម្បីធ្វើការផ្លាស់ប្តូរ និស្សិតនិងសាស្ត្រាចារ្យ លើការងារសិក្សា ការងារបង្រៀន និងការងារស្រាវ​ជ្រាវ ស្របតាមតម្រូវការជាក់ ស្តែង នៃកម្មវិធីសិក្សានីមួយៗ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្រ្ដី ចូលរួមអបអរសាទរដល់​និស្សិត​ជ័យ​លាភីជាង ៨ពាន់នាក់ ដែលទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់​​បរិញ្ញាបត្រជាន់ខ្ពស់នាពេលនេះ ។ សម្ដេចធិបតី បានថ្លែងអំណរគុណ​ដល់​បណ្ដាសាកលវិទ្យាល័យទាំងអស់ ដែលបានផ្ដល់អាហារូបករណ៍ដល់​សម្ដេចតេជោ (សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត) ដែលអាចផ្ដល់ឱកាស​ដល់និស្សិតដែលគ្មានលទ្ធភាពអាបន្តការសិក្សានៅសាកលវិទ្យាល័យបាន ៕

អត្ថបទដែលជាប់ទាក់ទង