ទឹកជំនន់វាយលុកផ្ទះសម្បែងរាប់ពាន់ខ្នង នៅភាគខាងជើងប្រទេសហ្វីលីពីន ក្រោយរងការបោកបក់ពីព្យុះទីហ្វុងទី៦

(ម៉ានីល)៖ ផ្ទះសម្បែងរាប់ពាន់ខ្នង នៅភាគខាងជើងប្រទេសហ្វីលីពីន បានរងការជន់លិច ក្រោយការវាយប្រហារពីព្យុះទីហ្វុងទី៦ ដែលបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ហើយបង្កឱ្យកម្រិតទឹកទន្លេ ហក់ឡើងខ្ពស់ផុតពីមាត់ច្រាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

កាលពីចុងសប្តាហ៍កន្លងទៅនេះ តំបន់ភាគខាងជើងហ្វីលីពីន បានទទួលរងការបោកបក់ពីព្យុះទីហ្វុងថ្មីមួយទៀត ឈ្មោះ Man-yi ជាហេតុបណ្តាលឱ្យទន្លេ Cagayan និងដៃទន្លេនានារបស់វា កើនឡើងកម្ពស់ទឹកយ៉ាងខ្លាំង ហើយថែមទាំងបង្ខំឱ្យមានការបញ្ចេញ​ទឹកពីទំនប់ Magat ទៀតផង។ ប្រការនេះ បានបង្កឱ្យទឹកត្រូវជន់លិចផ្ទៃដីស្រែចម្ការ ព្រមទាំងសហគមន៍រស់នៅ ដែលប៉ះពាល់ដល់មនុស្ស​រាប់សិបម៉ឺននាក់។ បើតាមអាជ្ញាធរហ្វីលីពីន ទឹកនៅកន្លែងខ្លះបានឡើងដល់កម្ពស់ប្រហែល៤ម៉ែត្រ។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោច៨នាក់ បានស្លាប់ដោយសារព្យុះ Man-yi ហើយជាង១លាននាក់ បានជម្លៀសខ្លួនពីលំនៅដ្ឋាន មុនការមកដល់របស់វា។ ព្យុះ Man-yi បានបោកបក់មកដល់ហ្វីលីពីន ក្នុងទម្រង់ជាព្យុះ super typhoon មុនថយចុះថាមពល​ច្រើនទៅវិញ នៅពេលវាធ្វើដំណើរកាត់តំបន់ជួរភ្នំ នៃកោះ Luzon។ Man-yi ជាព្យុះធំទី៦ ដែលបានវាយប្រហារហ្វីលីពីន ក្នុងរយៈពេលត្រឹមប្រមាណ១ខែប៉ុណ្ណោះ ខណៈចំនួនមនុស្សបាត់បង់ជីវិតសរុប គឺយ៉ាងហោច១៧១នាក់៕

អត្ថបទដែលជាប់ទាក់ទង