ប៉ុស្តិ៍ទូរទស្សន៍លេខ ៣ ថៃ ប្រកាសបញ្ឈប់បុគ្គលិកច្រើនផ្នែក ក្រោយប្រទះបញ្ហាធ្ងន់ធ្ងរ
ថ្មីៗនេះ ប៉ុស្តិ៍ទូរទស្សន៍លេខ ៣ របស់ថៃ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ក្រោយពីប្រកាសបញ្ឈប់បុគ្គលិកជាច្រើនផ្នែក និង ត្រៀមរៀបចំផែនការការងារជាថ្មី ក្រោយពីប្រទះបញ្ហាសេដ្ឋកិច្ចមានចំណាយច្រើនជាងចំណូល។
តាមព័ត៌មានបានឱ្យដឹងថា ខាងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ដែលគ្រប់គ្រងប៉ុស្តិ៍លេខ ៣ បានទម្លាយឱ្យដឹងពីបញ្ហាដែលប៉ុស្តិ៍បានប្រទះនៅក្នុងឧស្សាហ៍កម្មកម្សាន្តរបស់ថៃថា មួយរយៈមានការប្រកួតប្រជែងខ្ពស់ ដែលធ្វើឱ្យចំណូលកាន់តែទាប មិនអាចឱ្យសម្រេចគោលដៅចំណូលដែលបានរំពឹង ហើយចំណែកការចំណាយក៏កាន់តែច្រើន ទើបតម្រូវឱ្យមានការបញ្ឈប់បុគ្គលិកមួយចំនួន ដើម្បីកាត់បន្ថយការចំណាយចំនួន ៣០ ភាគរយរបស់ក្រុមហ៊ុន និង ជួយឱ្យប៉ុស្តិ៍អាចដំណើរការទៅមុខបាន។
ការបញ្ឈប់នេះនឹងចាប់ផ្តើមធ្វើនៅចុងខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ដោយឱ្យប្រធានផ្នែកផ្សេងៗជាអ្នកកាត់សេចក្តីជ្រើសរើសបុគ្គលិកដែលត្រូវនឹងបញ្ឈប់ ប៉ុន្តែគេមិនបានទម្លាយថានឹងត្រូវបញ្ឈប់ប៉ុន្មាននាក់ឡើយ ហើយសម្រាប់ការផ្តល់ប្រាក់ជំងឺចិត្តសម្រាប់បុគ្គលិកម្នាក់ៗក៏គេមិនបានទម្លាយដូចគ្នា៕