នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក ចូលរួមក្នុងសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង និងជប៉ុន
(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បាននិយាយថាខ្លួននឹងចូលរួមក្នុងការធ្វើសមយុទ្ធយោធារួមគ្នារយៈពេល៣ថ្ងៃ ជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដែលនឹងត្រូវចាប់ផ្ដើមធ្វើឡើង នៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកានេះ ដោយមានការចូលរួមពីយន្ដហោះចម្បាំង និងយន្ដហោះល្បាតសមុទ្រ រួមទាំងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកដើរដោយថាមពលនុយក្លេអ៊ែរ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សមយុទ្ធខាងលើដែលមានឈ្មោះថា Freedom Edge គឺជាការឆ្លើយតបមួយទៅនឹងអ្វីដែលយោធាកូរ៉េខាងត្បូង ហៅថាជាការកើនឡើងការគំរាមកំហែងពីកូរ៉េខាងជើង ដែលកាលពីពេល ថ្មីៗនេះបានដឹកនាំការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលរងការថ្កោលទោសពីទីក្រុងវ៉ាស៊ីនតោន តូក្យូ និងសេអ៊ូល។ ការធ្វើសមយុទ្ធនេះទៀតសោត ក៏កើតឡើងផងដែរ ចំពេលក្រសួងការបរទេសអាមេរិក បានអះអាងថាកងទ័ពកូរ៉េខាងជើងបានចាប់ផ្ដើមចួលរួមរួមប្រតិបត្តិការប្រយុទ្ធ នៅក្នុងសង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន។ អគ្គសេនាធិការចម្រុះ កូរ៉េខាងត្បូង បានឱ្យដឹងថាសមយុទ្ធ Freedom Edge នឹងមានការចូលរួមពីយន្ដហោះចម្បាំងមកពីកូរ៉េខាងត្បូង និងជប៉ុន ព្រមទាំងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកដើរដោយថាមពល នុយក្លេអ៊ែរ USS George Washington។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង តែងតែថ្កោលទោសលើការធ្វើសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយចាត់ទុកថាវាជាការត្រៀមលក្ខណៈឈ្លានពានប្រឆាំងនឹងរបបដឹកនាំ លោក គីម ជុងអ៊ុន ហើយជារឿយៗក៏តែងតែដឹកនាំការធ្វើតេស្ដមីស៊ីលជាការឆ្លើយតបផងដែរ៕