តើមនុស្សចាស់គួរទទួលទានអាហាររូបត្ថម្ភអ្វីខ្លះដើម្បីមានសុខភាពល្អ?
សុខភាព គឺជារឿងសំខាន់ចំពោះមនុស្សគ្រប់រូប មិនថាប្រុសស្រី ក្មេងឬចាស់។ យ៉ាងណាមិញ កាលណាវ័យកាន់តែចាស់ទៅ រាងកាយយើងកាន់តែមានការផ្លាស់ប្តូរ ដែលធ្វើឲ្យយើងមានតម្រូវការថាមពល (កាឡូរី) កាន់តែទាប។
ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយការញ៉ាំច្រើន ក្នុងករណីយើងធ្វើសកម្មភាពតិច។ ក្រៅពីនេះ ការជ្រើសរើសអាហារូបត្ថម្ភត្រឹមត្រូវ និងសម្បូរដោយសារធាតុចិញ្ចឹមពិតជាមានអត្ថប្រយោជន៍សម្រាប់សុខភាពរបស់មនុស្សវ័យចំណាស់។
ខាងក្រោមជាប្រភេទអាហារដែលល្អសម្រាប់មនុស្សចាស់ និងជួយឲ្យពួកគាត់មានសុខភាពល្អ និងរឹងមាំ៖
អាហារសុខភាពត្រូវបានបែងចែកជា ៥ក្រុមអាហារសំខាន់ៗ៖
- ផ្លែឈើ និងបន្លែ
- ដំឡូង នំប៉័ង អង្ករ ប៉ាស្តា និងអាហារម្សៅផ្សេងៗទៀត
- ទឹកដោះគោ និងផលិតផលមានទឹកដោះគោ
- សណ្តែក គ្រាប់ធញ្ញជាតិ ត្រី ស៊ុត និងប្រូតេអ៊ីនផ្សេងៗទៀត
- ប្រេងសណ្តែក
ក្រៅពីនេះមនុស្សវ័យចំណាស់គួរញ៉ាំអាហារដែលសម្បូរសារធាតុចិញ្ចឹមដូចខាងក្រោមផងដែរ៖
កាល់ស្យូម
ជំងឺពុកឆ្អឹង គឺជាបញ្ហាសុខភាពឈានមុខគេមួយ ដែលកើតឡើងលើមនុស្សចាស់ ជាពិសេសស្ត្រី។ នេះជាជំងឺដែលដង់ស៊ីតេឆ្អឹងធ្លាក់ចុះ និងធ្វើឲ្យហានិភ័យនៃការបាក់ឆ្អឹងកើនឡើង។
ប្រភពដ៏ល្អនៃជាតិកាល់ស្យូមគឺជាផលិតផលទឹកដោះគោ ដូចជាទឹកដោះគោ ឈីស និងទឹកដោះគោជូរ។ យើងគួរជ្រើសរើសប្រភេទផលិតផលទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប។ ក្រៅពីនេះ កាល់ស្យូមក៏មាននៅក្នុងត្រី បន្លែបៃតងដូចជា ខាត់ណាខៀវ ស្ពៃក្តោប សណ្តែកសៀង និងតៅហ៊ូជាដើម។
ជាតិដែក
មនុស្សវ័យចំណាស់គួរញ៉ាំអាហារសម្បូរជាតិដែកច្រើន ដើម្បីជួយរក្សាទុកជាតិដែកឲ្យមាននៅក្នុងខ្លួន។ ប្រភពជាតិដែកដ៏ល្អបំផុត គឺសាច់ក្រហម។ ជាតិដែកក៏មាននៅក្នុង គ្រាប់ធញ្ញជាតិ ត្រីសម្បូរខ្លាញ់ ស៊ុត នំបុ័ង និងបន្លែបៃតងជាដើម។
វីតាមីន C
អាហារ និងភេសជ្ជៈសម្បូរវីតាមីន C នឹងជួយឱ្យរាងកាយស្រូបយកជាតិដែក ដូច្នេះយើងអាចញ៉ាំផ្លែឈើ បន្លែ ឬទឹកផ្លែឈើ ជាមួយនឹងអាហារសម្បូរជាតិដែក។ វីតាមីន C មាននៅក្នុងផ្លែក្រូច បន្លែបៃតង ម្ទេសប្លោក ប៉េងប៉ោះ និងដំឡូងជាដើម។
វីតាមីន A
ការញ៉ាំវីតាមីន A ច្រើនពេក អាចបង្កើនហានិភ័យនៃការបាក់ឆ្អឹង។ ថ្លើមសត្វ គឺជាប្រភពសម្បូរវីតាមីន A ដូច្នេះអ្នកគួរចៀសវាងការញ៉ាំថ្លើម ឬផលិតផលថ្លើមដូចជាប៉ាតេច្រើនជាងម្តងក្នុងមួយសប្តាហ៍។
អាស៊ីតហ្វូលិក
អាហារដែលមានអាស៊ីតហ្វូលិកជួយរក្សាសុខភាពក្នុងវ័យកាន់តែចាស់។ ប្រភពនៃអាស៊ីតហ្វូលិក គឺបន្លែបៃតង អង្ករសម្រូប និងនំបុ័ង ជាដើម។
វីតាមីន D
វីតាមីន D គឺជាវីតាមីនដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបក្នុងការជួយអភិវឌ្ឍ និងថែរក្សាឆ្អឹង ធ្មេញ និងសាច់ដុំឱ្យមានសុខភាពល្អ។ យើងអាចទទួលបានវីតាមីន D ពីប្រភពសំខាន់ៗចំនួនបី៖
- ពន្លឺព្រះអាទិត្យ
- ចំណីអាហារ
- ថ្នាំបំប៉នវីតាមីន D សម្រាប់មនុស្សវ័យចំណាស់គ្រូពេទ្យអាចណែនាំឲ្យញ៉ាំ វីតាមីនD និងកាល់ស្យូម ដើម្បីការពារសុខភាពឆ្អឹង និងប្រឆាំងនឹងជំងឺពុកឆ្អឹង។
ប៉ូតាស្យូម
នៅពេលយើងកាន់តែចាស់ តម្រងនោមក៏កាន់តែបាត់បង់សមត្ថភាពដកប៉ូតាស្យូមចេញពីឈាម ដូច្នេះយើងគួរចៀសវាង ការប្រើថ្នាំបំប៉នដែលមានសារធាតុប៉ូតាស្យូម លុះត្រាតែមានការណែនាំពីគ្រូពេទ្យ។
គ្រប់គ្នាត្រូវដឹងថា «គ្មានអាហារតែមួយមុខណាអាចផ្តល់សារធាតុចិញ្ចឹមទាំងអស់ដែលយើងត្រូវការនោះទេ» ។
ដូច្នេះវាជារឿងសំខាន់ក្នុងការរួមបញ្ចូលអាហារជាច្រើនប្រភេទនៅក្នុងរបបអាហារសម្រាប់មនុស្សវ័យចំណាស់ ដើម្បីឲ្យពួកគាត់ទទួលបាននូវរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាព។
ប្រភព៖ NiDirect