ប្រទេសគុយបា ជួបគ្រោះរញ្ជួ-យដី ២ ដងផ្ទួនគ្នា ពលរដ្ឋភ័.-យស្លន់រត់ប្រសាចពេញផ្លូវ
កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ប្រទេសគុយបារងការវាយប្រហារដោយគ្រោះរញ្ជួយដី ២ ដងផ្ទួនៗគ្នាដោយមួយក្នុងកម្រិត ៦ រ៉ិចទ័រ និង មួយទៀត ៦.៧ រ៉ិចទ័រ ប៉ុន្តែមិនទាន់មានរបាយការណ៍បញ្ជាក់ពីអ្នករបួសស្លាប់ ឬ ខូចខាតទ្រព្យសម្បត្តិអ្វីនោះឡើយ។
តាមព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង ១០ និង ៥០ នាទីព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) ខេត្ត Granma ប្រទេសគុយបា បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦ រ៉ិចទ័រ ជាមួយចំណុចកណ្ដាលមានជម្រៅ ១០ គីឡូម៉ែត្រក្នុងរយៈចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រភាគអាគ្នេយ៍តំបន់ Pilon។ មកដល់ម៉ោង ១១ និង ៤៩ នាទីព្រឹកថ្ងៃដដែលនោះ អាជ្ញាធរប្រទេសគុយបាបានប្រកាសថាមានគ្រោះរញ្ជួយដីមួយទៀតកម្រិត ៦.៧ រ៉ិចទ័របានវាយប្រហារទៀតជាមួយចំណុចកណ្ដាលក្នុងជម្រៅ ១០ គីឡូម៉ែត្រ នារយៈចម្ងាយប្រមាណ ៣២ គីឡូម៉ែត្រភាគអាគ្នេយ៍តំបន់ Pilon។
តាមរបាយការណ៍ព័ត៌មានបឋមបានបញ្ជាក់ថា មិនមានអ្នករបួសស្លាប់ ឬ ការព្រមានពីរលកស៊ូណាមិនោះឡើយជុំវិញហេតុការណ៍គ្រោះរញ្ជួយដីនេះ។ យ៉ាងណាមិញ គ្រោះរញ្ជួយដីទាំងពីរនេះដែរបានប៉ះពាល់រង្គើនៅភាគខាងកើត និង កណ្ដាលខេត្តនៃប្រទេសគុយបា។ លោក Andres Perez ពលរដ្ឋម្នាក់រស់នៅកណ្ដាលក្រុង Santiago de Cuba បានរៀបរាប់ហេតុការណ៍ថា៖ «មនុស្សម្នានាំគ្នារត់ចេញមកពេញផ្លូវព្រោះតែដីរញ្ជួយខ្លាំងពេក។ វាមើលទៅដូចជាគ្រោះរញ្ជួយដីកម្រិតធ្ងន់ណាស់ ប្រពន្ធខ្ញុំឡើយភ័យបារម្ភខ្លាំង»។ ដោយឡែក ជាងធ្វើសក់ម្នាក់ឈ្មោះ Karen Rodriguez រស់នៅក្រុង Caney de las Mercedes នាតំបន់ Bartolome Maso បាននិយាយដែរថា៖ «ផ្ទះជាច្រើនបានប្រេះ បាក់ធ្លាក់ជញ្ជាំង និង ខ្លះទៀតបាក់រលំដំបូល»។
គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដី ២ ផ្ទួនគ្នានេះដែរ បានវាយប្រហារលើប្រទេសគុយបា ក្រោយប្រទេសនេះទើបតែរងការបំផ្លិចបំផ្លាញដោយព្យុះ Hurricane Rafael ដែលបោកបក់លើប្រទេសនេះក្នុងកម្លាំងខ្យល់ប្រមាណ ១២០ ម៉ៃក្នុងមួយម៉ោង៕