កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ ឈ្មោះ «យីនស៊ីង» និង «តូរ៉ាជី» អាចបណ្ដាលឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះ

ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា ព្យុះទី ២២ ឈ្មោះ យីនស៊ីង (Yinxing) បានវិវត្តទៅជាព្យុះសង្ឃរា ជាមួយនឹងព្យុះទី ២៣ ឈ្មោះ តូរ៉ាជី (Toraji) ដែលកើតនៅសមុទ្រចិនខាងត្បូង បានដើរលើគន្លងតែមួយ និង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ នឹងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និង លើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ មានលក្ខណៈដូចតទៅ ៖

១. តំបន់វាលទំនាប

– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និង ទិសបូព៌មានល្បឿនមធ្យម ៤,៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និង ភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១០%។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសឦសាន និង ទិសបូព៌មានល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និង ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី ៥%។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣១°C ។ ខ្យល់បក់មកពីទិសឦសាន និង ទិសអាគ្នេយ៍ មានល្បឿនមធ្យម ៤ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១៥%។

– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,២៥ ម៉ែត្រ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង