ស្អែកនេះ នៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍បណ្ដោះអាសន្ន ចាប់ពីម៉ោង ៥ ព្រឹក លើកំណាត់ផ្លូវទាំងនេះ

នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩ និង ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និង ខណ្ឌចំការមន រាជធានីភ្នំពេញ។

រដ្ឋបាលរាជធានី បានបញ្ជាក់ឱ្យបានដឹងផងដែរថា ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទ នៅតាមកំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ (ពីស្តុបវត្តលង្កា រហូតដល់ស្តុបនាគបាញ់ទឹក) និង កំណាត់មហាវិថីព្រះនរោត្តម (ពីផ្លូវលេខ ២៤០ រហូតដល់រង្វង់មូលវិមានឯករាជ្យ និង ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ ២៩៤) ចាប់ពីម៉ោង ០៥:០០ នាទីព្រឹក រហូតដល់បញ្ចប់ពិធីប្រារព្ធទិវាបុណ្យឯករាជ្យជាតិ។

អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ ខណៈផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង