ឯកឧត្តម ឃួង ស្រេង ៖ ដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានណែនាំ និងផ្តាំផ្ញើដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានកិត្តិយសនៃអនុគណៈកម្មការ ដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានណែនាំ និងផ្តាំផ្ញើដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺមិនទុកឱ្យមនុស្សវ័យចាស់រស់នៅឯកកោឡើយ។

ក្នុងពិធីសំណេះសំណាលជាមួយមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញចំនួន ៥២៥រូប ក្នុងឱកាសអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១-តុលា-២០២៤ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា លោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់កន្លងមកនេះបានចូលរួមសកម្មភាពជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តាំងពីឆ្នាំ១៩៧៩មក ក្នុងការកសាងប្រទេសជាតិអោយអភិវឌ្ឍរីកចំរើន ជឿនលឿនរហូតមកដល់បច្ចុប្បន្ននេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនភ្លេចគុណបំណាច់មនុស្សចាស់ឡើយ ហើយក្មេងជំនន់ក្រោយ បាននិងកំពុងអនុវត្តឱ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នារបស់ឱពុកម្តាយគ្រប់រូប។ នេះជាមោទនៈភាពរបស់យើងទាំងអស់គ្នា ដែលមានថ្នាក់ដឹកនាំដ៏ឆ្នើម គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បន្តថា ការបង្កើតឱ្យមានកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញនេះធ្វើឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះមនុស្សចាស់ ដែលពួកគាត់កន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើជាតិមាតុភូមិនិងអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ១ តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ “មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល”។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា អំណោយដែលផ្តល់ជូនលោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់ទាំង ៥២៥នាក់ នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្នុង ១រូបៗ ទទួលបានអង្គរចំនួន ២៥ គីឡូក្រាម, ភួយ១, ក្រមា១, ត្រីខ ១យូរ (១០កំប៉ុង), មី ១កេសតូច, ទឹកបរិសុទ្ធ ១កេស និងថវិកា ចំនួន ៥០,០០០រៀល ៕

         

អត្ថបទដែលជាប់ទាក់ទង