សម្តេចតេជោ ហ៊ុន សែន ហៅការសម្រេចចិត្តរបស់សមាជិកបក្សប្រឆាំង មករួមរស់ជាមួយ​បក្ស​ប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានហៅការ​សម្រេចចិត្ត​របស់​សមាជិកបក្សប្រឆាំងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយ​ដ៏​ត្រឹមត្រូវក្នុងការចូលរួមកសាងសង្គមកម្ពុជាឱ្យបន្តរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍឱ្យកាន់​តែរីក​ចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងជំនួបសំណេះសំណាល និងពិសាអាហារ​សាម​គ្គីជាមួយសមាជិកគណបក្សប្រជាជនជាង២ពាន់នាក់ ដែលសុទ្ធសឹងជាសមាជិកបក្សមកពី​គណ​បក្សប្រឆាំងទើបចូលមករួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា។ ក្នុងជំនួបសំណេះសំណាល និងពិសាអាហារ​សាមគ្គី​នេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មកពីតាមខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ផងដែរ។

លោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារ​កសាង​ចលនាសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត បានឱ្យដឹងថា ចាប់តាំងពី​ក្រុម​ការងារចលនាកសាងសមាជិកបក្ស នៅមូលដ្ឋានរាជធានី-ខេត្ត បានបង្កើតឡើងនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤មក ក្រុមការងារបានសហការជាមួយគណៈកម្មាធិការបក្សរាជធានី-ខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត បានទទួលអតីតថ្នាក់ដឹកនាំបក្ស​ប្រឆាំង និងបក្សនយោបាយផ្សេងៗ បានចំនួន ១៤,៥៣៩នាក់ ក្នុងនោះមានថ្នាក់រាជធានី និងថ្នាក់​ខេត្តចំនួន ៧៧៤នាក់ ថ្នាក់ក្រុង-ស្រុក-ខណ្ឌចំនួន ១,៥៩១នាក់ ថ្នាក់ឃុំ-សង្កាត់ ចំនួន ១២,១៧៤នាក់។

លោក យូ សិរីវុឌ្ឍ បានលើកឡើងថា ដោយផ្អែកលើការការពារផលប្រយោជន៍ដ៏ឧត្តុងឧត្តម​នៃ​ប្រទេស​ជាតិ ការការពារនូវសុខសន្តិភាព ស្ថេរភាពនយោយនៅក្នុងសង្គមជាតិ ការពារនូវសេច​ក្តី​សុខ​សាន្ត និងសុភមង្គលរបស់ប្រជាជនកម្ពុជា ដើម្បីធានាដល់ការរីកចម្រើនរបស់ប្រទេសជាតិ​ជាយូរអង្វែង សម្តេចតេជោបានទទួលស្វាគមន៍សមាជិកបក្សដទៃទាំងក្នុង និងក្រៅប្រទេស ជាពិសេស ដើម្បីយកចំណេះវិជ្ជា និងមនសិការស្នេហាជាតិមកបម្រើប្រទេសជាតិ និងប្រជាជន​កម្ពុជាជាមួយគណបក្សប្រជាជនកម្ពុជា។

លោក សិរីវុឌ្ឍ បានបន្ថែមថា តាមរយៈគោលនយោបាយប្រកបដោយព្រហ្មវិហារធម៌ និងក្តី​សណ្តោស​ប្រណីរបស់សម្តេចតេជោ ដែលមានចំពោះជនរួម​ជាតិទាំងក្នុង និងក្រៅប្រទេស នាពេល​បច្ចុប្បន្ននេះ គឺជាអតីតថ្នាក់ដឹកនាំប្រឆាំងតាមបណ្តាមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ គឺជនរួមជាតិបានមើលឃើញយ៉ាងច្បាស់ថា សម្តេចតេជោ ពិតជាអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ តាមរយៈសកម្មភាពពិត ដោយមិនប្រកាន់និន្នាការនយោបាយ ឬកំហុសខុសឆ្គងរបស់​ជនរួមជាតិ​នោះទេ។ លោកបន្តថា សម្តេចតេជោ តែងតែផ្តល់នូវក្តីស្រលាញ់ប្រកបដោយមនោសញ្ចេតនាជួយ​បងប្អូនតាមគ្រប់មធ្យោបាយ តាមដែលអាចធ្វើទៅបាន ដើម្បីជួយសម្រាលទៅដល់ការលំបាកនានា​។

ក្នុងពិធីសំណេះសំណាលនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះ​សមាជិកថ្មីទាំងអស់ ដែលជាអតីតជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រឆាំង ដែលបាន​សម្រេច​ចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោ ក៏បានផ្តល់អនុសាសន៍ ដើម្បីរួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិផងដែរ។ សម្រាប់គោលដៅរយៈពេលវែងត្រូវរួមគ្នាអនុវត្តន៍នូវកិច្ចការ​ចាំបាច់មួយចំនួនរួមមាន៖

ទី១៖ ត្រូវរក្សាឱ្យបានកត្តាសន្តិភាព ពីព្រោះថាកត្តាសន្តិភាពគឺជាកត្តាសំខាន់ មិនថា ប្រទេសណា​នោះទេ​ តែងតែត្រូវការសន្តិភាព បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍអ្វីឡើយ។
ទី២៖ ត្រូវខិតខំដើម្បីនាំប្រទេសមួយនេះ ឱ្យចាកចេញពីប្រទេសដែលមានការ​អភិវឌ្ឍន៍តិចតួច​នៅត្រឹម​ឆ្នាំ២០២៩។
ទី៣៖ ត្រូវខិតខំជំរុញប្រទេសមួយនេះ ឱ្យក្លាយទៅជាប្រទេសដែល​មានប្រាក់ចំណូលមធ្យម​កម្រិត​ខ្ពស់នៅឆ្នាំ២០៣០ ជាគោលដៅដែលបានកំណត់តាំងពីដំបូងនោះ។
ទី៤៖ ខិតខំសម្រេចឱ្យបានជាប្រទសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្រាប់គោលដៅរយៈពេលខ្លី និងមធ្យមវិញនោះ សម្ដេចតេជោ បានបានណែនាំរួមគ្នាធ្វើកិច្ចការចាំបាច់មួយចំនួនដូចខាងក្រោម៖

ទី១៖ ត្រូវរួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយឲ្យបានល្អប្រសើរ។
ទី២៖ រក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និង ទប់ស្កាត់អតិផរណា។
ទី៣៖ ខិតខំរួមគ្នាវិលទៅរកកំណើនសេដ្ឋកិច្ចដូចមុនកូវីដ១៩ ក្នុងរង្វង់៧% ។
ទី៤៖ ប្តេជ្ញាកម្ចាត់ចោលក្រុមបដិវត្តន៍ពណ៍ដែលមានបំណលផ្តួលរំលំរដ្ឋាភិបាល ក្រៅប្រព័ន្ធរដ្ឋធម្មនុញ្ញ និងក្រោមប្រព័ន្ធប្រជាធិបតេយ្យ៕

អត្ថបទដែលជាប់ទាក់ទង