កម្លាំងឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីឣនុវត្តតាមនីតិវិធីច្បាប់ពាក់ព័ន្ធករណីលួចម៉ូតូ

(បន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនទៅសាលាដំបូងខេត្ត នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីឣនុវត្តតាមនីតិវិធីច្បាប់ ក្រោយជនសង្ស័យរូបនេះ បានលួចម៉ូតូរបស់ជនរងគ្រោះនៅចំណុចមុខបណ្ណាគារអប្សរា ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា នៅវេលាម៉ោង១០៖០០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ បានទទួលពាក្យ បណ្ដឹងពីឈ្មោះ ពេជ្រ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណីលួចម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ព្រីងទុំ គ្មានផ្លាកលេខ ចំនួន០១គ្រឿង ខណៈទុកម៉ូតូនៅកន្លែងធ្វើការនៅចំណុចមុខបណ្ណាគារអប្សរា ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ក្រោយពីទទួលពាក្យបណ្ដឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះដល់កន្លែងកើតហេតុ កំណត់មុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង១១៖ ០០នាទី ថ្ងៃខែឆ្នាំដដែល បានធ្វើការឃាត់ខ្លួន ជនសង្ស័យបានចំនួន០១នាក់ឈ្មោះ ឃីម កំសត់ ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ ព្រមទាំងវត្ថុតាងម៉ូតូ ហើយនាំមកមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងសិរីសោភ័ណ ហើយបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើចំលើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿង​បញ្ជូនមកកាន់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញហើយ៕

អត្ថបទដែលជាប់ទាក់ទង