ករណីខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ចង់កែក្នុងសៀវភៅគ្រួសារ អាចស្នើសុំកែតម្រូវបាន ប្រើពេលមិនលើសពី ១៥ ថ្ងៃ

ថ្មីៗនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកចំណេះដឹងជូនទៅកាន់សាធារណជន​ អំពីការកែតម្រូវទិន្នន័យផ្សេងៗក្នុងសៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ ដែលបានបញ្ជាក់ពីឯកសារតម្រូវមួយចំនួន, ទីកន្លែងស្នើសុំ ក៏ដូចជារយៈពេលនៃការធ្វើជាដើម។

ក្នុងនោះ ឧត្តមសេនីយ៍ឯក អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ឱ្យដឹងថា ចំពោះការកែតម្រូវទិន្នន័យផ្សេងៗ ក្នុងសៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ អ្នកស្នើសុំ ដែលជាមេគ្រួសារ ឬ អ្នកតំណាង អាចស្នើសុំធ្វើការកែតម្រូវទិន្នន័យផ្សេងៗដូចជា ខុសអក្ខរាវិរុទ្ធលើនាមត្រកូល ឬ នាមខ្លួន ខុសថ្ងៃខែឆ្នាំកំណើត ឬ ទិន្នន័យផ្សេងៗទៀត ដែលអាចដាក់ពាក្យធ្វើ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ តាមអាសយដ្ឋានដែលមានក្នុងសៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ។

ឯកឧត្តមបានបញ្ជា្កក់បន្ថែមឱ្យបានដឹងថា ចំពោះឯកសារយោង គឺត្រូវយកសៀវភៅស្នាក់នៅ និង សៀវភៅគ្រួសារ ភ្ជាប់ជាមួយនូវឯកសារមកបញ្ជាក់ស្របតាមមូលហេតុនៃការស្នើសុំរួមមាន សេចក្តីចម្លងសំបុត្រកំណើត ឬ សំបុត្របញ្ជាក់កំណើត ឬ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សញ្ញាបត្រមកបញ្ជាក់។

ចំពោះរយៈពេលវិញ សម្រាប់សៀវភៅស្នាក់នៅ មិនលើសពី ១០ ថ្ងៃ ហើយសម្រាប់សៀវភៅគ្រួសារ មិនលើសពី ១៥ ថ្ងៃ។ សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬ សាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាននឹងដោះស្រាយជូន៕

ប្រភព ៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង

 

អត្ថបទដែលជាប់ទាក់ទង