យុវជន​កម្ពុជា១៦រូប ចេញដំណើរទៅចូលរួមជាមួយនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនលើកទី៤៨

(ភ្នំពេញ)៖ យុវជន​កម្ពុជា១៥រូបនិងប្រធានប្រតិភូ១រូបបានចេញដំណើរទៅប្រទេសជប៉ុននារាត្រីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីទៅចូលរួមជាមួយនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនលើកទី៤៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤​ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងការចូលចតនៅប្រទេសជប៉ុន ឥណ្ឌូណេស៊ី និងវៀតណាម។

សូមរំឭកថា ប្រទេសកម្ពុជាបានចូលរួមក្នុងកម្មវិធីនេះតាំងពីឆ្នាំ២០០០មកម្ល៉េះ ពោលគឺមួយឆ្នាំបន្ទាប់ពីទទួលស្គាល់ជាសមាជិកអាស៊ាននៅក្នុងឆ្នាំ១៩៩៩ ដែលគិតមកទល់ពេលនេះ មានយុវជនកម្ពុជាប្រមាណ៦៦៤នាក់ទទួលបានបទពិសោធន៍ពីកម្មវិធីនេះរួចមកហើយ។ ឆ្នាំ២០២៤នេះ គឺជាលើកទី៤៨ហើយ ដែលកម្មវិធី SSEAYP ត្រូវបានរៀបចំធ្វើឡើងចាប់តាំងពីកម្មវិធីនេះបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៤។ យុវជនកម្ពុជាចំនួន១៥រូប និងប្រធានប្រតិភូ១រូបបានចេញដំណើរទៅចូលរួមកម្មវិធីនេះ បន្ទាប់ពីឆ្លងកាត់ការជ្រើសរើសយ៉ាងសម្រិតសម្រាំងដោយក្រសួងអប់រំ យុវជន និងកីឡា ដែលតម្រូវឱ្យបេក្ខជនសរសេរសំណេរប្រកួតប្រជែង ការសម្ភាសដើម្បីវាយតម្លៃសមត្ថភាព បទពិសោធន៍ ក្រមសីលធម៌ ក៏ដូចជាចំណេះដឹងទាក់ទិនទៅនឹងកិច្ចការអាស៊ាន-ជប៉ុនផងដែរ។

យុវជនកម្ពុជាទាំងនេះនឹងត្រូវចូលរួមជាមួយប្រតិភូយុវជនទាំង១៦៨នាក់មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីធ្វើដំណើររួមគ្នានៅលើនាវា Nippon Maru រយៈពេល៣៨ថ្ងៃ ដែលពួកគេនឹងត្រូវចូលរួមសកម្មភាពការពិភាក្សាលើប្រធានបទដែលកម្មវិធីដាក់ជូន ការធ្វើការងារជាក្រុម ការសម្ដែងវប្បធម៌ អរិយធម៌កម្ពុជា និងការស្នាក់អាស្រ័យនៅតាមផ្ទះក្នុងប្រទេសដែលនាវាចូលចត ដើម្បីបំពាក់បំប៉នជំនាញភាពជាអ្នកដឹកនាំ ការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម។

ទស្សនកិច្ចសិក្សានេះនឹងផ្តល់នូវឱកាសទៅដល់យុវជនចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកំពូលៗ ស្ថាប័នសំខាន់ៗ ក៏ដូចជាការស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ ជាពិសេសនោះគឺការផ្លាស់ប្តូរវប្បធម៌ក្នុងពេលស្នាក់នៅនៃដំណើរទស្សនកិច្ចសិក្សានេះ។ ក្រោយបញ្ចប់កម្មវិធីនេះ អ្នកចូលរួមនឹងអាចបង្កើនចំណងមិត្តភាព សាមគ្គីភាព ក៏ដូចជាការស្វែងយល់ពីគ្នាទៅវិញទៅមកបានកាន់តែប្រសើរថែមទៀត។
ដោយផ្តោតលើប្រធានបទ៖ «ការចូលរួមពីយុវជន» គណៈប្រតិភូយុវជនមានគោលបំណងបង្កើនទស្សនវិស័យរបស់ពួកគេឱ្យកាន់តែទូលំទូលាយចំពោះភាពជាអ្នកដឹកនាំនៅក្នុងសង្គមភាវូបនីយកម្មមួយ ដែលលើកកម្ពស់ការយល់ដឹងពីបញ្ហាសង្គម ក៏ដូចជាបំផុសនូវសកម្មភាពកិច្ចសហប្រតិបត្តិការដើម្បីបង្កើតបាននូវដំណោះស្រាយជាវិជ្ជមាន។

ប្រធានបទកិច្ចពិភាក្សានៃកម្មវិធី SSEAYP ក្នុងឆ្នាំ២០២៤នេះ ត្រូវបានដកស្រង់ចេញពីផែនការអនុវត្តនៃសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីមិត្តភាពអាស៊ាន-ជប៉ុន និង​កិច្ចសហប្រតិបត្តិការភាពជា​ដៃគូ​ទុកចិត្ត​ ដែលត្រូវបានអនុម័តនៅក្នុង​កិច្ចប្រជុំកំពូល​រំឭក​ខួប​លើក​ទី​៥០នៃ​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣។ ប្រធានបទនឹងត្រូវលើកមកពិភាក្សារួមមាន៖ អំណាចទន់ និងការតភ្ជាប់កិច្ចការការទូតយុវជន និងយុវជន ភាពរីកលូតលាស់សេដ្ឋកិច្ច និងចីរភាពសហគមន៍ បរិស្ថានសកល និងបម្រែបម្រួលអាកាសធាតុ ការស្តារ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សុខុមាលភាព និងសង្គមឌីជីថល។

លោក សុះ សលីហ៊ីន ប្រធានប្រតិភូយុវជនតំណាងឱ្យគណៈប្រតិភូនាវាយុវជនកម្ពុជា បានលើកឡើងថា “SSEAYP គឺជាកម្មវិធីដ៏សំខាន់មួយដែលផ្តល់ឱកាសទៅដល់យុវជនដើរតួនាទីលើសពីទូតសុឆន្ទៈ ពោលគឺកម្មវិធីនេះជួយពង្រឹងទំនាក់ទំនងរវាង​អាស៊ាននិងជប៉ុន ហើយថែមទាំងជំរុញការផ្លាស់ប្តូរចំណេះដឹងរវាងយុវជននិងយុវជន បង្កើនសមត្ថភាពផ្លូវចិត្តនិងកាយសម្បទា ហើយថែមទាំងអាចឱ្យអ្នកចូលរួមនីមួយៗអាចបង្ហាញសក្តានុពលពេញលេញរបស់ខ្លួនថែមទៀតផង»។

លោក សុះ សលីហ៊ីន បានបន្តថា យុវជនគួរតែខិតខំបង្ហាញវប្បធម៌និងមោទនភាពជាតិរបស់ខ្លួន ហើយទន្ទឹមនឹងនោះក៏ត្រូវរៀនបើកចិត្តឱ្យទូលាយ និងចេះសហការល្អជាមួយយុវជនដទៃនៅក្នុងតំបន់។ កត្តានេះនឹងបង្កើតបាននូវភាពសុខដុមរមនា និងភាពរុងរឿងសម្រាប់ជាគំរូទៅដល់មនុស្សជំនាន់ក្រោយ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធី SSEAYP ដែលស្របទៅតាមបេសកកម្មធនាគារ វីង ដែលតែងតែជំរុញលើកទឹកចិត្ត និងផ្តល់នូវសិទ្ធអំណាចទៅដល់យុវជនជំនាន់ក្រោយ។ លោកថា ការគាំទ្រយុវជនក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍សកលមិនត្រឹមតែបង្កើនការយល់ដឹងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានស្មារតីប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរួមចំណែកទៅដល់សង្គមឱ្យបានកាន់ប្រសើរថែមទៀត។

លោក ហោ ប៊ុនថែ បានបន្តថា «យើងខ្ញុំពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ឃើញ​យុវជន​កម្ពុជា​ចាប់​យកនូវ​ឱកាស​នេះ ដើម្បីចូល​រួមនៅលើ​ឆាក​អន្តរជាតិ ហើយ​បង្ហាញ​នូវ​មោទនភាពវប្បធម៌ដ៏ផូរផង់ និងសម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ»

ការគាំទ្រជាបន្តបន្ទាប់របស់ធនាគារ វីង ចំពោះគំនិតផ្តួចផ្តើមជួយទៅដល់យុវជន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីបង្កើនការច្នៃប្រឌិតថ្មីៗ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស​ ដែលស្របតាមគោលដៅយុទ្ធសាស្រ្តរបស់កម្ពុជា។ ការជួយលើកកម្ពស់យុវជនវ័យក្មេងតាមរយៈកម្មវិធី​ដូចជា SSEAYP ធនាគារ វីង មានគោលបំណងផ្តល់ឱ្យយុវជនជំនាន់ក្រោយនូវជំនាញ និងផ្នត់គំនិតចាំបាច់នានា ដើម្បីរួមចំណែកអភិវឌ្ឍអនាគត​កម្ពុជាឱ្យកាន់តែប្រសើរឡើង។ ការចូលរួមនេះទៀតសោត ក៏ជាផ្នែកមួយនៃចក្ខុវិស័យវែងឆ្ងាយរបស់ធនាគារ វីង ក្នុងការបង្កើតនូវកាលានុវត្តភាព និងជំរុញនវានុវត្តន៍ដែលស្របតាមផែនការយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស។ តាមរយៈគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ធនាគារ​ វីង នឹងជួយបង្កើននូវការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា ដើម្បីរួមចំណែកយ៉ាងសកម្មដោយនាំមកនូវវិបុលភាពនិងវឌ្ឍនភាពចំពោះជាតិឆ្ពោះទៅមុខជានិរន្តរ៍៕

អត្ថបទដែលជាប់ទាក់ទង