ភ្ញាក់ផ្អើល! ផ្សារបឹងឈូក នៅបាត់ដំបង ត្រូវអគ្គិភ័យលេបត្របាក់ខ្ទង់ម៉ោង ១០ យប់មិញ បង្កការខូចខាតយ៉ាងដំណំ
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ នៅយប់ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ១០ និង ៣៥ នាទីយប់ មានករណីអគ្គិភ័យកើតឡើងនៅចំណុចផ្សារបឹងឈូក ស្ថិតក្នុងក្រុមទី ៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈចំណុចឆាបឆេះដំបូងនៅជាន់ទី ០១ (ជាន់ខាងលើ) នៃអគារផ្សារបឹងឈូក ប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ឌិន និង ជាងកាត់ដេរ។
បើតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងពេលកើតហេតុ រដ្ឋបាលខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ និង រដ្ឋបាលក្រុងបាត់ដំបង ព្រមទាំងមហាជន បានចាត់ចែង និង ប្រើប្រាស់កម្លាំង និង មធ្យោបាយសរុបរួម ចំនួន ៧៩១ នាក់ រួមមានដូចខាងក្រោម ៖
១. កម្លាំងរបស់យោធភូមិភាគទី ៥ ចំនួន ២៥០ នាក់
២. កម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចំនួន ១០០ នាក់
៣. កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចំនួន ៣០០ នាក់
៤. កម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន ៦០ នាក់
៥. កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបង ចំនួន ៨១ នាក់។
ចំពោះការចេញអន្តរាគមន៍រួមមាន ៖
– រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋ ចំនួន ១១ គ្រឿង (ស្នងការនគរបាលខេត្ត ចំនួន ០៤ គ្រឿង និង អធិការដ្ឋាននគរបាលក្រុងស្រុក ចំនួន ០៧ គ្រឿង និង រថយន្តអគ្គិភ័យក្រុមហ៊ុនឯកជន ចំនួន ០២ គ្រឿង សរុប ១៣ គ្រឿង ព្រមទាំងប្រើប្រាស់ទឹកអស់ចំនួន ៥០ រថយន្តអគ្គិភ័យ រហូតដល់វេលាម៉ោង ០៣ និង ២០ នាទី ឈានចូលថ្ងៃចន្ទទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថានភាពនៃអគ្គិភ័យនេះ ទើបភ្លើងរលត់ទាំងស្រុង។
– ក្រៅពីជួយអន្តរាគមន៍ពន្លត់កម្លាំងបានចូលរួមជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍នៅជុំវិញកន្លែងកើតហេតុ អន្តរាគមន៍ជួយជញ្ជូនទ្រព្យសម្ភាររបស់បងប្អូនអាជីវករស្ថិតនៅជាន់ផ្ទាល់ដី និង ជុំវិញកន្លែងកើតហេតុទៅកាន់ទីសុវត្ថិភាព។
សូមបញ្ជាក់ផងដែរថា រហូតមកដល់ព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ សមត្ថកិច្ចកំពុងស្ថិតនៅទីនោះនៅឡើយ ហើយចំពោះមូលហេតុដែលបង្កឱ្យកើតគ្រោះអគ្គិភ័យនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវ ដែលពេលនេះសមត្ថកិច្ចនឹងបន្តធ្វើការស្រាវជ្រាវ និង វាយតម្លៃចំពោះការខូចខាតនេះ ម៉្យាងទៀតក្នុងគ្រោះអគ្គិភ័យនេះ ពុំមានបង្កឱ្យគ្រោះថ្នាក់ដល់មនុស្សនោះឡើយ៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង