គួរឱ្យសោកស្ដាយ! ជំងឺផ្លូវចិត្ត ឆ-ក់យកជី-វិ.-តវេជ្ជបណ្ឌិតមួយរូប ធ្លាប់បម្រើការនៅមន្ទីរពេទ្យគន្ធបុប្ផា
ជារឿងដ៏គួរឱ្យសោកស្ដាយ វេជ្ជបណ្ឌិតមួយរូបធ្លាប់បម្រើការនៅមន្ទីរពេទ្យគន្ធបុប្ផា មានឈ្មោះ អ៊ឺង សុភាព ជាប្រធានផ្នែកជំងឺកុមារ និង ទារក នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានទទួលមរណភាព ក្នុងជន្មាយុ ៥២ ឆ្នាំ ដោយសារតែជំងឺបាក់ទឹកចិត្ត ចាកចោលគ្រួសារជាទីស្រឡាញ់ និង មិត្តរួមការងារគ្មានថ្ងៃត្រឡប់ បន្សល់នូវអនុស្សាវរីយ៍ រួមទាំងក្ដីអាល័យជាពន់ពេក។
បើតាមការឱ្យដឹងពីគណនីហ្វេសប៊ុកលោកវេជ្ជបណ្ឌិតដែលមានឈ្មោះ Veng Heng បានបង្ហោះនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ ឱ្យបានដឹងថា ឃាតកលាក់មុខ និង ជាជំងឺកាចសាហាវជាងគេ គឺជំងឺផ្លូវចិត្ត ដែលនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ បានឆក់យកជីវិត វេជ្ជបណ្ឌិតឯកទេសកុមារ អ៊ឺង សុភាព និង នៅខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ បានឆក់យកជីវិត វេជ្ជបណ្ឌិតឯកទេសកុមារ ឡា គឹមសុង ដែលពួកគាត់សុទ្ធតែជាអតីតគ្រូពេទ្យធ្លាប់បម្រើការនៅ មន្ទីរពេទ្យគន្ធបុប្ផា មុនពេលពួកគាត់ចេញទៅធ្វើការនៅមន្ទីរពេទ្យរដ្ឋ និង ឯកជនផ្សេងៗទៀត។
បច្ចុប្បន្ន សពវេជ្ជបណ្ឌិត អ៊ឺង សុភាព ប្រធានផ្នែកជំងឺកុមារ និង ទារក នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតនៅខាងជើងភ្លើងស្តុបសណ្ឋាគារស្មាយលីង (ទល់មុខផ្លូវ៦០) ប្រវែងប្រហែល ៥០០ ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ចំពោះមរណភាពនឹកស្មានមិនដល់នេះ សូមឱ្យកុសលផលបុណ្យដែលវេជ្ជបណ្ឌិតទាំងពីរបានថែទាំ និង សង្គ្រោះជីវិតអ្នកជំងឺរាប់មិនអស់ក្នុងវិស័យវេជ្ជសាស្ត្រ ជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធអ្នកទាំងពីរឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕