ទិដ្ឋភាពមុខព្រះបរមរាជវាំង រៀបចំស្អាតគ្រប់ជ្រុង ត្រៀមសម្រាប់អបអរខួបលើកទី ២០ នៃការយាងគ្រងរាជសម្បត្តិអង្គព្រះមហាក្សត្រ

គិតត្រឹមថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ នេះ គឺសល់រយៈពេលត្រឹម ៣ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានមកដល់ព្រះរាជពិធីបុណ្យខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

កៀកនឹងថ្ងៃព្រះរាជពិធីបុណ្យខិតជិតមកដល់ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ នេះ រដ្ឋបាលខណ្ឌដូនពេញ បានបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាត ដែលបានត្រៀមរៀបចំអបអរសាទរខួបលើកទី ២០ នៃព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះរាជពិធីនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៨-២៩-៣០ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ។

ក្នុងឱកាសព្រះរាជពិធីក្នុងឆ្នាំ ២០២៤ នេះ ផងដែរ តាមរយៈគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំដល់អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ ឱ្យសហការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ បម្រើឱ្យការរៀបចំព្រះរាជពិធីបុណ្យគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ធានាបានសុវត្ថិភាពល្អប្រសើរ និង ចាត់តាំងឱ្យមានការអុជកាំជ្រួច រយៈពេល ៣ យប់ គឺយប់ថ្ងៃទី ២៨ ទី ២៩ និងទី ៣០ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ១៩:០០ នាទីយប់ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យឱ្យប្រព្រឹត្តទៅក្នុងទម្រង់ជាមហោឡារិកជាងរាល់ឆ្នាំ៕

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាទិដ្ឋភាពរូបភាពនៅខាងក្រោម ៖

ប្រភពរូបភាព ៖ រដ្ឋបាលខណ្ឌដូនពេញ

 

 

អត្ថបទដែលជាប់ទាក់ទង